រាជរដ្ឋាភិបាលកម្ពុជាឲ្យម្ចាស់សហគ្រាស និងជនបរទេសចូលខ្លួនសុំពន្យារសុពលការងារ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖


រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ពេលវេលាឲ្យម្ចាស់សហគ្រាស និងជនបរទេសដែលបាននឹងកំពុងធ្វើអាជីវកម្ម និងបម្រើការងារនៅកម្ពុជាទាំងអស់ ត្រូវចូលខ្លួនសុំពន្យារសុពលប័ណ្ណ និងសៀវភៅការងារ ដើម្បីទទួលបានសិទ្ធិធ្វើការដោយស្របច្បាប់។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ម្ចាស់សហគ្រាស គ្រឹះស្ថាន និងជនបរទេសដែលមានវត្តមាននៅកម្ពុជាទាំងអស់ ត្រូវរួសរាន់ស្នើសុំពន្យារសុពលភាពប័ណ្ណ និងសៀវភៅការងារឲ្យបានមុនបំណាច់ខែមេសានេះ ដើម្បីជៀសវាងនូវការពិន័យតាមច្បាប់ជាធរមាន។ ឯកឧត្តម បន្តថា ជនបរទេសដែលធ្វើការងារនៅកម្ពុជាទាំងអស់ អាចពន្យារសុពលភាពប័ណ្ណ និងសៀវភៅការងារបាន តាមរយៈគេហទំព័រWWW.fwcms. mlvt.។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានណែនាំដល់ម្ចាស់ឬនាយកគ្រឹះស្ថាន និងកម្មករនិយោជិតបរទេស ចុះបញ្ជិកាកិច្ចសន្យាការងារ ជាលាយលក្ខអក្សរដោយភ្ជាប់មកជាមួយការប្រែជាភាសាខ្មែរ ប្រសិនបើកិច្ចសន្យាការងារ ដើមជាភាសាបរទេស នៅនាយកដ្ឋានមុខរបរនិងហត្ថកម្ម ឬ មន្ទីរការងារនិងបណ្តុះបណ្តាលការងារ នៅរាជធានីខេត្ត។ ឯកឧត្តមរដ្ឋមន្ត្រី បានព្រមានថា ក្នុងករណីម្ចាស់សហគ្រាស គ្រឹះស្ថាន និងជនបរទេសដែលប្រកបមុខរបរណាមួយ នៅក្នុងប្រទេសកម្ពុជា មិនអនុវត្តតាមសេចក្តីណែនាំនេះ ក្រសួងនឹងចាត់វិធានការអនុវត្តការពិន័យទៅតាមច្បាប់ស្តីពីការងារ។
លោក មឿង តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស បានគាំទ្រចំពោះការតម្រូវឲ្យហត្ថកម្មបរទេសនិងជនបរទេសត្រូវចុះបញ្ជីនេះ។ លោកថា នេះជាការបង្កើនការ គ្រប់គ្រង និងការពារជនបរទេសពីការកេងប្រវញ្ចកំលាំងពលកម្ម ដែលធ្វើឲ្យបាត់បង់ចំណូលថវិកាជាតិ។
កាលពីឆ្នាំ២០១៨កន្លងទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់ប័ណ្ណ និងសៀវភៅការងារដល់ជនបរទេសដែលកំពុងធ្វើការ និងប្រកបអាជីវកម្មនៅកម្ពុជាបានចំនួនជាង១៣ម៉ឺន៥ពាន់នាក់៕