ពួកមេដឹកនាំអារ៉ាប់បដិសេធការសម្រេចរបស់អាម៉េរិក ដែលទទួលស្គាល់ខ្ពង់រាបហ្គោឡង់ថា ជាទឹកដីអ៊ីស្រាអែល

AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា  ឆ្នាំ២០១៩ — ពួកមេដឹកនាំអារ៉ាប់បានបដិសេធយ៉ាងខ្លាំងក្លា ការសម្រេចរបស់អាម៉េរិកទទួលស្គាល់ខ្ពង់រាបហ្គោ- ឡង់ ថា ជាទឹកដីអ៊ីស្រាអែលនៅឯកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់ (AL) លើកទី៣០ក្នុងរដ្ឋធានីទុយនីសប្រទេសទុយនេស៊ីកាលពីថ្ងៃអាទិត្យ ។

តាមសេចក្តីរាយការណ៍មួយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ឱ្យដឹងថា ពួកមេដឹកនាំអារ៉ាប់បាន និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បណ្តារដ្ឋអារ៉ាប់នឹងដាក់ជូនដំណោះស្រាយជាពង្រាងមួយទៅឱ្យក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ព្រមទាំងស្វែងរកមតិយោបល់មួយពីតុលាការយុតិធម៌អន្តរជាតិស្តីពីភាព មិនស្របច្បាប់និងការទុកជាមោឃៈការទទួលស្គាល់របស់អាម៉េរិកនេះ ។

ទង្វើកាលពីពេលថ្មីៗនេះ ធ្វើឡើងដោយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ក្នុងការទទួល ស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រាអែល លើទឹកដីខ្ពង់រាបហ្គោឡង់របស់ស៊ីរី ដែលគេកាន់កាប់ គឺស្ថិតនៅ     កំពូលនៃបៀបវារៈកិច្ចប្រជុំកំពូល AL នៅឆ្នាំនេះ ។ ពួកមេដឹកនាំអារ៉ាប់បានបង្ហាញនូវការឯកភាពគ្នារបស់ ពួកគេដើម្បីបដិសេធទង្វើរបស់អាម៉េរិកនេះ ទោះបីជាមានការប្រេះឆាគ្នារបស់ពួកគេទៅលើថា តើត្រូវស្តាឡើងវិញសមាជិកភាព AL របស់ស៊ីរី ឬយ៉ាងណានោះក៏ដោយ ។

ពួកមេដឹកនាំទាំងនោះ បានបញ្ជាក់អះអាងថា ខ្ពង់រាបហ្គោឡង់ជាខ្ពង់រាបយុទ្ធសាស្ត្រមួយ ដែលមាន ម្តងនោះត្រូវបានគេប្រើដើម្បីបាញ់ផ្លោងទៅលើប្រទេសអ៊ីស្រាអែលភាគខាងជើងនោះ គឺជាទឹកដីដែលគេ កាន់កាប់របស់ប្រទេសស៊ីរី ។

ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA រាយការណ៍ថា ក្នុងការឆ្លើយតបក្រសួងការបរទេសស៊ីរី បានហៅទង្វើរបស់អាម៉េរិកនេះថា ជាការវាយប្រហារដោយឥតលាក់លៀមមួយទៅលើអធិបតេយ្យភាព និង បូរណភាពទឹកដីរបស់ស៊ីរី ។

ថ្លែងនៅឯកិច្ចប្រជុំកំពូល AL ក្នុងក្រុងទុយនីសតំណាងជាន់ខ្ពស់ EU សម្រាប់កិច្ចការបរទេសនិង នយោបាយសន្តិសុខលោកស្រី កៃ្រហ្វេដេរីកា ម៉ូហេទីនី ( Federica Mogherini ) បាននិយាយថា ការសម្រេច របស់អាម៉េរិកនេះប្រឆាំងទាំងស្រុងទៅនឹងដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ដែលចាត់ទុកខ្ពង់ រាបហ្គោឡង់ ជាទឹកដីស៊ីរីមួយ ដែលអ៊ីស្រាអែលកាន់កាប់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )