ពូទីន និង នេតាន់យ៉ាហ៊ូ ពិភាក្សាគ្នាបញ្ហាមជ្ឈិមបូព៌ាតាមទូរស័ព្ទ

AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩  — ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin )  នឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ ( Benjamin Netanyahu  ) កាលពីថ្ងៃចន្ទនេះ បានពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលរួមមានទំនាក់ទំនងយោធារបស់ពួកគេក៏ដូចជាស្ថានការណ៍នៅមជ្ឈិមបូព៌ា ។

តាមការផ្សាយព័តមានយ៉ាងខ្លីមួយ ដែលផ្សាយដោយវិមានក្រឹមឡាំងឱ្យដឹងថា ការសន្ទនាគ្នានេះ ត្រូវបានផ្តួចផ្តើមគំនិតដោយភាគីអ៊ីស្រាអែល ។ ការនិយាយគ្នាតាមទូរស័ព្ទនេះ ធ្វើឡើងនៅពេលមានកង្វល់កើនឡើងដែលថា ស្ថានការណ៍នៅមជ្ឈិមបូព៌ាអាចកាន់តែអាក្រក់ឡើងបន្ទាប់ពីក្រុងវ៉ាស៊ីងតោន បានទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រាអែលលើខ្ពង់រាបហ្គោឡង់ ទឹកដីដែលអ៊ីស្រាអែល​រឹបអូសយកពីប្រទេសស៊ីរីក្នុងឆ្នាំ ១៩៦៧ ដែលមិនត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិនោះ ។

ប្រទេសរុស្ស៊ីបានរក្សាទុក​ព្រលានយន្តហោះយោធា Hmey mim  និងមូលដ្ឋានកងនាវាចរ Tartus  ក្នុងប្រទេសស៊ីរីនៅក្រោមកិច្ចព្រមព្រៀងមួយជាមួយក្រុងដាម៉ាស់ ក្នុងការគាំទ្រដល់ប្រធានាធិបតីស៊ីរីលោក បាសារ អាល់អាសាដ ( Bashar al-Assad ) ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )