រដ្ឋមន្រ្តីរុស្ស៊ីស្ថិតនៅទីក្រុងព្យុងយ៉ាងចំពេលមានការរំពឹងទុកទៅលើ ដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើងទៅកាន់ទីក្រុងមូស្គូ

AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ — មន្ត្រីជាន់ខ្ពស់រុស្ស៊ីមួយរូបបានមកដល់កូរ៉េខាងជើងកាលពីថ្ងៃទី០២ ​ខែមេសា ដោយ​ប្រព័ន្ធផ្សព្វ ផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបានរាយការណ៍នៅថ្ងៃអង្គារនេះ ចំពេលដែលមាន​ការសន្និដ្ឋានថា ប្រមុខមេដឹកនាំលោក គីម ជុង-អ៊ុន ប្រហែលជាកំពុងរៀបចំធ្វើទស្សនកិច្ចនៅ​ប្រទេស​ជិត​ខាងសម្រាប់កិច្ចប្រជុំកំពូលជាលើកដំបូងជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌី​មៀរ ពូទីន។

ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ(KCNA)បាននិយាយថា លោក Vladimir Kolokoltsev រដ្ឋមន្ត្រីមហាផ្ទៃនៃសហព័ន្ធរុស្ស៊ី និងបក្សពួករបស់លោកបានមកដល់ទីនេះកាលពីថ្ងៃចន្ទ។ វា​មិនបានរៀបរាប់លម្អិតអំពីមូលហេតុ និងរយៈពេលដែលគាត់នឹងស្នាក់នៅក្នុងក្រុងព្យុងយ៉ាង​នោះទេ។

ការធ្វើដំណើររបស់លោក Kolokoltsev ដែលគេស្គាល់ថា ជាអ្នកទទួលខុសត្រូវលើ​បញ្ហាសន្តិសុខបានធ្វើឡើងចំពេលមានការរំពឹងទុកថា មេដឹកនាំកូរ៉េខាងជើង លោក គីម ​កំពុងរៀបចំធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីសម្រាប់ជំនួបកំពូលជាលើកដំបូងជាមួយ​លោក​ ពូទីន។ អ្នកខ្លះរំពឹងថា ដំណើរទស្សនកិច្ច​នឹងធ្វើឡើងនៅដើមខែនេះ។

កាលពីពេលថ្មីៗនេះលោក Kim Chang-son ត្រូវបានគេស្គាល់ថា​ ជាមេបញ្ជាការ​បុគ្គលិកដែលស្និទ្ធនឹងលោក គីម ជុង-អ៊ុន ដែលបានធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ និង វ៉ាលីវីវ៉ូ ស្តុក ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើលថា  ដំណើរទស្សនកិច្ចរបស់មេដឹកនាំរុស្ស៊ីអាចនឹង កើតមានឡើង។

មេដឹកនាំលោក គីម បានធ្វើទស្សនកិច្ចនៅប្រទេសចិនចំនួនបួនដងមកហើយ​ ចាប់​តាំង​ពីឆ្នាំមុន សម្រាប់កិច្ចប្រជុំកំពូលជាមួយលោក ស៊ី ជីនភីង​ ប្រធានាធិបតីចិនដែល​រួម​បញ្ចូល​ទាំងកិច្ចប្រជុំចុងក្រោយមួយនៅក្នុងខែមករាកន្លងទៅនេះ។ ទោះជាយ៉ាងណាក៏ដោយ​លោកមិនបានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីទេ ចាប់តាំងពីបានចូលកាន់តំណែងនៅចុងឆ្នាំ ២០១១​មក។

ប្រទេសកូរ៉េខាងជើងហាក់ដូចជាកំពុងបង្កើនការទូតរបស់ខ្លួន ជាមួយប្រទេសរុស្ស៊ី​ចាប់តាំងពីការបរាជ័យកិច្ចប្រជុំកំពូលកាលពីខែកុម្ភៈរវាងលោក​ គីម និងប្រធានាធិបតី​អាម៉េរិក លោក ដូណាល់ ត្រាំ។ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង៣នាក់ បានធ្វើទស្សនកិច្ចទៅវិញទៅមក​ទៅកាន់​​ប្រទេសរុស្ស៊ីកាលពីខែមុន៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )