ហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ

AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី០១ ខែមេសា ប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំរបស់ពួកគេ រួមទាំងការធ្វើសមយុទ្ធនៅលើផ្នែកមួយនៃកោះលូហ្សុន (Luzon) ផងដែរ។

សមយុទ្ធនេះមានរយៈពេល ១២ថ្ងៃ ដែលត្រូវបានគេស្គាល់ថា ជាសមយុទ្ធ Balikatan (ស្មាទល់ស្មា) ដែលប្រមូលផ្តុំកងទ័ពអាម៉េរិក និងហ្វីលីពីនប្រមាណជិត ៨.០០០នាក់ រួមជាមួយទាហានមកពីប្រទេសអូស្ត្រាលី និងអ្នកសង្កេតការណ៍មកពីប្រទេសចំនួន ៧ផ្សេងទៀត។

លោកឧត្តមសេនីយ៍ Gilbert Gapay មកពីហ្វីលីពីន និងជាសហនាយកនៃសមយុទ្ធយោធារួមគ្នានេះបាននិយាយថា សមយុទ្ធ Balikatan នៅឆ្នាំនេះនឹងផ្តោតទៅលើការដោះស្រាយការព្រួយបារម្ភផ្នែកសន្តិសុខប្រពៃណី និងសន្តិសុខមិនមែនជាប្រពៃណី។ នៅក្នុងរយៈពេល ២សប្តាហ៍ខាងមុខនេះ កងកម្លាំងហ្វីលីពីន និងអាម៉េរិក នឹងរៀបចំផែនការ ព្រមទាំងការបណ្តុះបណ្តាលហ្វឹកហ្វឺនប្រតិបត្តិការ និងសកម្មភាពពលរដ្ឋ។

លោកឧត្តមសេនីយ៍ Chris McPhillips នាយកផ្នែកសមយុទ្ធសម្រាប់ភាគីអាម៉េរិកបាននិយាយថា ក្នុងចំណោមនាវាចម្បាំងដែលបានដាក់ពង្រាយនៅក្នុងសមយុទ្ធនោះ គឺប្រភេទប្រយុទ្ធឆ្មក់ F-35B ។ ស្រដៀងគ្នាទៅនឹងសមយុទ្ធលើកមុនដែរ ការហ្វឹកហាត់នៅឆ្នាំនេះនឹងកើតឡើងជាចម្បងនៅក្នុងតំបន់ភាគខាងជើងនៃប្រទេសហ្វីលីពីន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)