ប្រធានាធិបតីកូរ៉េខាងត្បូងៈ កូរ៉េខាងជើង និង ស.រ.អា បង្ហាញការតាំងចិត្តបន្តការសន្ទនាគ្នា

AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ — ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចា – អ៊ីន ( Moon Jae –in  ) បាននិយាយពីថ្ងៃចន្ទថា កូរ៉េខាងជើង និង ស.រ.អា បានបង្ហាញនូវការតាំងចិត្តរបស់ខ្លួន ដើម្បីបន្តធ្វើការសន្ទនាគ្នាសម្រាប់សន្តិភាព និងការធ្វើឱ្យឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ  ។

ថ្លែងនៅឯកិច្ចប្រជុំជាទៀងទាត់មួយជាមួយពួកទីប្រឹក្សាជាន់ខ្ពស់របស់លោក លោក មូន បាននិយាយថា គេបានបញ្ជាក់អះអាងយ៉ាងច្បាស់ហើយថា កូរ៉េខាងត្បូង, កូរ៉េខាងជើង និង ស.រ.អា ទាំងអស់គ្នាមិនចង់ត្រឡប់ទៅរកអតីតកាលវិញទេថ្វីបើការលំបាកជាបណ្តោះអាសន្ន មួយត្រូវបានគេបង្កើតឱ្យមានឡើងនៅក្នុងដំណើរការសន្តិភាពរបស់ឧបទ្វីបនេះ ដោយមិនបានសម្រេចកិច្ច ព្រមព្រៀងគ្នាមួយក្នុងអំឡុងកិច្ចប្រជុំកំពូលកូរ៉េខាងជើង និង ស.រ.អា នោះក៏ដោយ  ។

លោកបានកត់សម្គាល់ថា ទាំងកូរ៉េខាងជើង ទាំង ស.រ.អា  បានបង្ហាញនូវការតាំងចិត្តរបស់ខ្លួនដើម្បីបន្តធ្វើការសន្ទនាគ្នាតាមរយៈការធ្វើឱ្យស្ថានការណ៍មានស្ថិរភាពដោយមិនធ្វើឱ្យមានភាពតានតឹងកើនឡើងដូចដែលបានឃើញក្នុងអតីតកាលនោះទេ ។

ការកត់សម្គាល់របស់លោក មូន ធ្វើឡើងនៅមុនទស្សនកិច្ចនាពេលខាងមុខរបស់លោកទៅកាន់ក្រុង វ៉ាស៊ីងតោនដើម្បីធ្វើកិច្ចប្រជុំកំពូលមួយ ជាមួយប្រធានាធិបតី​អាម៉េរិក លោក ដូណាល់ ត្រាំ(Donald Urunp) ដែលបានគ្រោងធ្វើនៅថ្ងៃទី១១ ខែ មេសា ( ម៉ោងនៅក្រុងវ៉ាស៊ីងតោន )  ។

លោក មូន បាននិយាយថា ដំណើររបស់លោកទៅកាន់ក្រុងវ៉ាស៊ីងតោន នឹងកើតមានឡើងជាលទ្ធផលនៃកិច្ចប្រឹងប្រែងធ្វើឡើងដោយកូរ៉េខាងត្បូង និង   ស.រ.អា ដើម្បីធ្វើឱ្យមានឡើងវិញនូវកម្លាំងចលករ សម្រាប់ការសន្ទនាគ្នា រវាងកូរ៉េខាងជើងទាំង ស.រ.អា តាមកាលបរិច្ឆេទឱ្យបានលឿនមួយ។

លោកសង្ឃឹមថា នឹងមានកាឆ្លើយតបជាវិជ្ជមានរបស់ក្រុងព្យុងយ៉ាងចំពោះកិច្ចប្រឹងប្រែងដោយក្រុង  សេអ៊ូល និងក្រុងវ៉ាស៊ីងតោននេះ ។ ដំណើរទៅកាន់ ស.រ.អា របស់លោក មូន ត្រូវបានគេរៀបចំឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី២ រវាងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុង អ៊ុន និង លោក ត្រាំ បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងគ្នាណាមួយកាលពីចុងខែកុម្ភៈ ក្នុងរដ្ឋធានីហាណូយ របស់ប្រទេសវៀតណាម  ។ ប្រធានាធិបតីកូរ៉េខាងត្បូងបានប្តេជ្ញាធ្វើកិច្ចប្រឹងប្រែង ដើម្បីជួយឱ្យមានការ​បន្តឡើងវិញ កិច្ចចរចា ធ្វើមិនឱ្យមាននុយក្លេអ៊ែរ រវាងកូរ៉េខាងជើង និង ស.រ.អា ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )