កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបញ្ជាក់សាជាថ្មី​ ចំពោះ​ការប្តេជ្ញាចិត្តគាំទ្រកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ

AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ — ការិយាល័យការពារជាតិរបស់ពួកគេបាននិយាយថា រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង និងសហរដ្ឋ   អាមេរិកបានបញ្ជាក់ជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសម្រប​សម្រួល​គ្នាយ៉ាងជិតស្និទ្ធ ដើម្បី    គាំទ្រដល់កិច្ចព្រមព្រៀងយោធាអន្តរកូរ៉េកាលពីឆ្នាំមុន ក្នុងគោល​បំណង​កាត់បន្ថយភាពតានតឹងនៅតាម ព្រំដែន និងការកសាងទំនុកចិត្ត។

ក្នុងអំឡុងពេលនៃកិច្ចចរចារបស់ពួកគេនៅក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទ រដ្ឋមន្ត្រី​ក្រសួងការពារប្រទេសលោក ជុង គីយ៉ុង-ដូ (Jeong Kyeong-doo) និងរដ្ឋមន្ត្រីការពារ​ជាតិ​អាម៉េរិកលោក Patrick Shanahan បានរំលឹកឡើងវិញផងដែរ នូវឆន្ទៈរបស់ពួកគេក្នុងការ​សហការ​យ៉ាងជិតស្និទ្ធ ដើម្បី​ពន្លឿន​ការបំពេញលក្ខខណ្ឌចាំបាច់ សម្រាប់ការផ្ទេរ ការត្រួត​ពិនិត្យ​ប្រតិបត្តិការ (OPCON ) របស់​ទីក្រុង​វ៉ាស៊ីនតោនដែលមើលឃើញជាក់ស្តែង ​ចំពោះ​ទីក្រុង​សេអ៊ូល។

លោក Jeong និងលោក Shanahan បានជួបមុខគ្នាជាលើកដំបូងចាប់តាំងពីពួកគេបាន​យកមន្ទីរ​ ប៉ង់តាហ្គោនកាលពីខែមករា។ ក្រសួងការពារជាតិទីក្រុងសេអ៊ូល និងមន្ទីរបញ្ចកោណបាននិយាយនៅក្នុងសេចក្តី​ប្រកាស​ព័ត៌មានមួយថា ទីប្រឹក្សា និងជារដ្ឋមន្ត្រីការពារជាតិបានវាយតម្លៃថា ការអនុវត្តកិច្ច​ព្រមព្រៀង​យោធាគ្រប់ជ្រុងជ្រោយ(CMA) បានរួមចំណែកដល់ការកាត់បន្ថយភាពតានតឹង​ខាង​ផ្នែក​យោធា​ និងការកសាងទំនុកចិត្តនៅលើឧបទ្វីបកូរ៉េ។

មេបញ្ជាការការពារប្រទេសកូរ៉េ បានចុះហត្ថលេខាលើ CMA នៅចុងបញ្ចប់នៃកិច្ចប្រជុំ​កំពូល​លើកទី៣ រវាងប្រធានាធិបតីលោក មូន ចេ-អ៊ីន​និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន នៅក្នុងទីក្រុងព្យុងយ៉ាងកាលពីខែកញ្ញាឆ្នាំមុន។ វាតម្រូវឱ្យមានជាបន្តបន្ទាប់​នៃការ​កសាងទំនុកចិត្ត និងវិធានការគ្រប់គ្រងអាវុធ ក្រោមគ្រោងការណ៍ទូលំទូលាយ ដើម្បីបញ្ឈប់​សកម្មភាពអរិភាពទាំងអស់ប្រឆាំងនឹងគ្នាទៅវិញទៅមក។

លោក Jeong និងលោក​ Shanahan បានគូសបញ្ជាក់ឆន្ទៈរបស់ខ្លួន ដើម្បីពង្រឹងបន្ថែម​ទៀតនូវសម្ព័ន្ធមិត្ត តាមរយៈកិច្ចខិតខំប្រឹងប្រែង « ធ្វើសមកាលកម្ម » របស់ពួកយោធារបស់​ពួកគេ ចំពេលកិច្ចប្រឹងប្រែងសន្តិភាពដែលកំពុងបន្តជាមួយកូរ៉េខាងជើង។

សេចក្តីថ្លែងការណ៍បាននិយាយថា ទីប្រឹក្សា និងជារដ្ឋមន្រ្តីរូបនេះបានអះអាងថា ​សម្ព័ន្ធភាពរវាងអាម៉េរិក-កូរ៉េខាងត្បូង គឺរឹងមាំ ហើយត្រៀមខ្លួនប្រឈមមុខនឹងបរិយាកាស​សន្តិសុខដែលវិវត្ត។

ភាគីទាំងពីរបានបញ្ជាក់អះអាងឡើងវិញនូវការប្តេជ្ញាចិត្ត ដើម្បីរក្សាឥរិយាបថ ដោយ​ត្រៀមខ្លួនជាស្រេចរួមគ្នា ខណៈបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងការទូត ដែលកំពុងបន្ត ​ដើម្បី​សម្រេច​បាននូវការរំសាយអាវុធនុយក្លេអ៊ែរ និងសន្តិភាពពេញលេញនៅលើឧបទ្វីបកូរ៉េ៕

( ប្រភព យន់ហាប់:បកប្រែដោយលោក មាស សំអុល )