កូរ៉េខាងត្បូង ពិនិត្យមើលឡើងវិញការអញ្ជើញមេដឹកនាំ កូរ៉េខាងជើងឱ្យចូលរួមកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង- អាស៊ាន

AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ — វិមានខៀវប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយពីថ្ងៃចន្ទថា ខ្លួន នឹងធ្វើការពិចារណាអញ្ជើញលោក គីម ជុង អ៊ុន ( Kim Jong un ) មេដឹកនាំកំពូលកូរ៉េខាងជើងឱ្យចូលរួមកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-អាស៊ាន នៅចុងឆ្នាំនេះ ។

លេខាធិការព័ត៌មានជាន់ខ្ពស់ វិមានខៀវ លោក យ៉ុន ដូ – ហាន បានប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចា – អ៊ីន ( Moon Jae –in ) នឹងធ្វើកិច្ចប្រជុំកំពូលមួយជាមួយពួកមេដឹកនាំប្រទេសសមាជិកអាស៊ានទាំង១០ ចាប់ពីថ្ងៃទី២៥ ដល់ ២៦ ខែវិច្ឆិកា នៅ​ក្នុងទីក្រុងកំពង់ផែ Busan ក្នុងភាគខាងត្បូងរបស់ប្រទេសនេះចម្ងាយប្រហែល ៤៥០ គីឡូម៉ែត្រខាងត្បូងរដ្ឋធានីសេអ៊ូល​ ។

តាមវិមានខៀវឱ្យដឹងថា កិច្ចប្រជុំកំពូលនេះ មានបំណងកត់សម្គាល់ខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងធ្វើការសន្ទនាគ្នារវាងកូរ៉េខាងត្បូង និងអាស៊ាន ។ មន្ត្រីវិមានខៀវម្នាក់ដែលគេមិនស្គាល់អត្តសញ្ញាណបានប្រាប់ពួកអ្នកយកព័ត៌មានក្នុងស្រុកថា ក្រុង សេអ៊ូល នឹង​ពិនិត្យមើលឡើងវិញការចូលរួមរបស់មេដឹកនាំកូរ៉េខាងជើង ក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខនេះក្នុងការពិគ្រោះយោបល់គ្នាជាមួយភាគីអាស៊ាន នៅពេលដែលយកមកពិចារណាស្ថានការណ៍នៅលើឧបទ្វីបកូរ៉េ​ ។

តាមសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឱ្យដឹងថា ក្នុងអំឡុងកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង- អាស៊ាន នៅសិង្ហបូរីកាលពីខែវិច្ឆិកា កន្លងទៅប្រធានាធិបតីឥណ្ឌូណេស៊ី លោក ហ្សូកកូ វីដូដូ ( Joko Widodo ) បានស្នើដល់ប្រធានាធិបតី មូន ឱ្យអញ្ជើញមេដឹកនាំកូរ៉េខាងជើងចូលរួមកិច្ចប្រជុំកំពូលនេះ លោក មូន បានឆ្លើយតបជាវិជ្ជមានចំពោះសំណើនេះ ។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានគាំទ្ររបស់ដែលហៅថា « នយោបាយភាគខាងត្បូងថ្មី » ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការទូត ជាមួយសមាជិកអាស៊ាន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )