ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៏

វិទ្យុជាតិកម្ពុជា៖ដោយ លោកស្រី ស៊ឺង សុផារី៖

 ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៏ថា នឹងប្រែក្លាយតំបន់អតីតសមរភូមិឲ្យទៅជាតំបន់អភិវឌ្ឍន៏ ដោយចាប់ផ្ដើមពីកត្តាសន្តិភាព និងយុទ្ធសាស្ត្រត្រឹមត្រូវ ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត កាលពីព្រឺកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៏ បានបង្ហាញចំណុចសំខាន់ៗដើម្បីប្រែក្លាយតំបន់អតីតសមរភូមិឲ្យទៅជាតំបន់ដែលមានការអភិវឌ្ឍនិងទៅជាទីផ្សារ ហើយប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ។
សម្តេច តេជោបន្តថាការប្រែក្លាយតំបន់អតីតសមរភូមិឲ្យទៅជាតំបន់ដែលមានការអភិវឌ្ឍនិងទៅជាទីផ្សារនៅខេត្តកំពតនេះគឺចាប់ផ្ដើមការគិតគូរទៅលើផ្លូវគោកនិងផ្លូវទឹក។

« ឥឡូវនេះសមត្ថភាពទ្រទ្រង់សម្រាប់ការដឹកជញ្ជូនលើបញ្ហាផ្លូវជាតិលេខ៣ មិនអាចគ្រប់គ្រាន់ទេ យើងត្រូវពង្រីកបន្ថែមទៀតនូវផ្លូវជាតិលេខ៣ ដោយ២គន្លងទៅ ២គន្លងមក ពីភ្នំពេញមកដល់បែកគុស ហើយពីបែកគុសមកដល់ទីរួមខេត្តកំពតនេះយើងរក្សានៅក្នុងរង្វង់មួយ អញ្ចឹងបានជាបច្ចុប្បន្នថាបើជ្រុលជាបានដាក់អា ៤គន្លងហើយម៉េចក៏មិនដាក់អា ៤គន្លង ដល់ទីរួមខេត្តតែប៉ុណ្ណឹងសិនបានហើយ កំពុងរកទុនធ្វើបន្តទៅទៀតចេញមកក៏បានមើលឃើញផ្លូវ នៅធ្វើផ្លូវហើយនៅខេត្តកំពតនេះយើងពិនិត្យមើលនៃការតភ្ជាប់ក្រៅពីផ្លូវជាតិលេខ៣ យើងមានផ្លូវជាតិ៤១ ដែលចាក់បញ្ចូលមកហើយយើងកំពុងតែរៀបចំបណ្តាញផ្លូវមួយទៀតដើម្បីតភ្ជាប់ខេត្តកំពតចេញទៅផ្លូវជាតិលេខ៤នៅម្តុំពេជ្រនិល ការវិនិយោគដើម្បីធ្វើឲ្យខេត្តកំពតមានការរីកលូតលាស់ ខេត្តកំពតអនាគតនឹងមានកំពង់ផែទឹកជ្រៅ ដែលនឹងផ្ដល់ឱកាសសម្រាប់ឲ្យការដឹកជញ្ជូនត្រង់ចុះមកខេត្តកំពតរួចហើយមានកំពង់ផែទឹកជ្រៅ ដើម្បីនាំទំនិញចេញទៅក្រៅប្រទេសព្រោះនេះជាបញ្ហាសេដ្ឋកិច្ច វាមិនមែនគ្រាន់តែត្រូវការកំពង់ផែមួយនៅក្រុងព្រះសីហនុទេ វាត្រូវការកំពង់ផែច្រើនដែលក្នុងនោះកំពតមានតួនាទីសំខាន់មួយ ក្នុងការដឹកជញ្ជូនតភ្ជាប់ចេញទៅប្រទេសក្រៅតាមព្រំដែនគោកតភ្ជាប់ជារបៀងមាត់សមុទ្រ តភ្ជាប់រវាងព្រៃចាកពីហាទៀងរបស់សាធារណរដ្ឋសង្គមវៀតណាម មកឆ្លងកាត់ខេត្តកំពតឆ្លងកាត់ខេត្តព្រះសីហនុ និងឆ្លងកាត់ខេត្តកោះកុងតាមផ្លូវជាតិលេខ៤៨ ទៅខេត្តត្រាតរបស់រាជាណាចក្រថៃនេះជារបៀងមាត់សមុទ្រដែលយើងត្រូវតភ្ជាប់ ប៉ុន្តែការតភ្ជាប់ជាមួយប្រទេសជិតខាងវាធ្វើទៅបានទាល់តែយើងតភ្ជាប់ផ្ទៃក្នុងខ្លួនឯងឱ្យបានរួចរាល់ជាមុនសិន នេះដែលខ្ញុំព្រះករុណាខ្ញុំសូមយកឱកាសនេះបញ្ជាក់ជូនអំពីចំណុចសំខាន់ពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍនៅទីនេះ ដោយចាប់ផ្ដើមពីកត្តាសន្តិភាពនិងពីយុទ្ធសាស្ត្រត្រឹមត្រូវរបស់យើងទៅលើការដាក់ប្រែក្លាយតំបន់អតីតសមរភូមិឲ្យទៅជាតំបន់ដែលមានការអភិវឌ្ឍនិងទៅជាទីផ្សារ ហើយប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឲ្យទៅជាព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍ»៕