ឯកឧត្តម​​ឃួង​ស្រេង​ ចុះពិនិត្យស្ពានជ្រោយចង្វារចាស់ ទេីបជួសជុលរួចរាល់ដែលគ្រោងសម្ពោធដាក់អោយប្រេីប្រាស់ជាផ្លូវការនៅថ្ងៃទី៣ខែមេសានេះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

រាជធានីភ្នំពេញ​៖​ គម្រោងកែលម្អស្ពានជ្រោយចង្វារចាស់ មិត្ត ភាព កម្ពុជា ជប៉ុន មកដល់ពេលនេះ ស្ថាបនាសម្រេចបាន១០០ភាគរយហើយ នៅឡើយរង់ចាំតែពិធីបើកសម្ពោធជាផ្លូវការប៉ុណ្ណោះ នៅថ្ងៃទី០៣ខែមេសានេះ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។


នៅរសៀលថ្ងៃទី០១ខែមេសាឆ្នាំ២០១៩​ ឯកឧត្តម​​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ អមដំណើរ​ដោយមន្ត្រីជំនាញក្រោមឱវ៉ាត​ បាមអញ្ជេីញចុះពិនិត្យស្ពានជ្រោយចង្វារចាស់ ដែលទេីបជួសជុលរួច​ ។

ក្នុងឱកាសនៃការចុះពិនិត្យនោះផងដែរ ឯកឧត្តម​ ឃួង ស្រេងក៏បានធ្វើការណែនាំឲ្យមន្ត្រីនិងអាជ្ញាធររៀបចំសណ្តាប់ធ្នាប់អោយបានល្អប្រសើរ។

មន្រ្តីក្រសួងសាធារណការបានឲ្យដឹងថា ស្ពានជ្រោយចង្វារចាស់ មិត្ត ភាព កម្ពុជា ជប៉ុន គ្រោងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី៣ខែមេសាខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ក្រុមការងារជំនាញទំាង ជប៉ុននិងកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការសម្រុកការជួសជុលគម្រោងកែលម្អស្ពានជ្រោយចង្វារចាស់ទំាងយប់  ទំាងថ្ងៃ ដើម្បីអោយហើយមុនផែនការ ដែលបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋ ខណៈស្ពានជ្រោយចង្វារថ្មីមានចរាចរណ៍មមាញឹកខ្លំាងប្រឈមការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ពិសេសការសម្រួលចរាចរណ៍ក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរដែលប្រជាពលរដ្ឋធ្វើចរចរណ៍ចេញទៅស្រុកកំណើតមិនប្រឈមការកកស្ទះ។

លោកបន្តថា តាមបច្ចេកទេសនេះគម្រោងកែលម្អស្ពាននេះ បានសាងសង់ទម្រស្ពានថ្មី ជួសជុលផ្នែកកណ្តាលស្ពានឆ្លងកាត់ទន្លេនិងកែលម្អគល់ស្ពានទាំងសងខាង។ស្ពាននេះមានប្រវែង៧០៩ម៉ែត្រ ឆ្លងកាត់ទន្លេសាប ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩៦៣ បាលជប៉ុន ប៉ុន្តែដោយសារសង្គ្រាមស៊ីវិលក្នុងកំឡុងទស្សវត្សទី៧០ស្ពាននេះត្រូវបានទទួលរងការខូចខាតទាំងស្រុង ហើយរហូតដល់ឆ្នាំ១៩៩២ ទើបជួសជុលស្តារឡើងវិញ។
សូមបញ្ជាក់ថា គម្រោងជួសជុលស្ពានជ្រោយចង្វារចាស់មិត្តភាពកម្ពុជា ជប៉ុនឡើងវិញនេះ ប្រើរយៈពេលពេល២២ខែ ដោយត្រូវចំណាយថវិការហូតដល់ជាង៣០លានដុល្លា ដែល ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន៕