សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត តម្លៃជាង ២៦លានដុល្លារ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​ លោក​ អ៊ូ​ កាណែល​៖

នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត សាងសង់ឡើងក្រោមជំនួយរបស់រដ្ឋា ភិបាលជប៉ុនតម្លៃជាង ២៦លានដុល្លារសហរដ្ឋ អាមេរិក។


បើតាមឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតចម ប្រសិទ្ធទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានបញ្ជាក់ថា នេះគឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងក្របខណ្ឌគម្រោងជំនួយហិរញ្ញប្ប ទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនក្នុងវិស័យទឹកស្អាត ដែលនឹងផ្ដល់ផលប្រយោជន៍ដល់ប្រជា ពលរដ្ឋសរុបជាង 13.000 គ្រួសារក្នុងក្រុងកំពតនិងក្នុងស្រុកទឹកឈូទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតខ្ពស់ ដែលមានគុណភាព សុវត្ថិភាព និរន្តរ ភាពនិងតម្លៃសមរម្យ។


ឯ.ឧ រដ្ឋមន្រ្តី បានឲ្យដឹងថា ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពតនេះ បានចាប់ផ្តើមសាងសង់កាល ពីខែកក្កដា ឆ្នាំ២០១៦ ហើយបញ្ចប់ការសាងសង់ជាស្ថាពរកាលពីខែ សីហា ឆ្នាំ២០១៨។ តាមរយៈប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ នឹងជួយឱ្យអង្គភាពរដ្ឋាករទឹកខេត្តកំពត មានសមត្ថភាពផលិតទឹកស្អាតសរុប ប្រមាណជាង ១៣ ,២៦០ម៉ែត្រគូបក្នុងមួយថ្ងៃ គឺស្មើនឹងជាង២ដងនៃសមត្ថភាពផលិតពីមុន។


វត្តមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះ រួមជា មួយបណ្តាញចែកចាយសរុបប្រវែងជាង ១៧៦ គីឡូម៉ែត្រ ធ្វើឱ្យអង្គភាពរដ្ឋាករទឹកខេត្តកំពត ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅក្រុងកំពត និងស្រុកទឹកឈូ ដោយគិតជាថ្លៃមធ្យម ១៤០០រៀលក្នុង ១ម៉ែត្រគូប ។


ឯ.ឧចម ប្រសិទ្ធ បញ្ជាក់ថា ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ក៏ជាការរួមចំណែកធ្វើឱ្យអង្គភាពរដ្ឋាក រទឹកខេត្តកំពត សម្រេចបាននូវគោលនយោបាយរបស់រដ្ឋាភិបាលដែលបានកំណត់ថា «ត្រូវពង្រីកវិសាលភាពនៃការផ្គត់ ផ្គង់ទឹកស្អាតនៅទីក្រុងទី ប្រជុំជនឱ្យបាន៩០% ត្រឹមឆ្នាំ២០២៣ និង១០០ % ត្រឹមឆ្នាំ២០២៥ សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា»។


ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូ អ៊ុជិ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ក្រោមគម្រោងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុននេះ លោករំពឹងថាប្រជាជនសរុបប្រមាណ៥ម៉ឺននាក់ឬច្រើនជាងនេះ នៅក្នុងខេត្តកំពត នឹងទទួលបានទឹកស្អាតនិងមានសុវត្ថិភាពពេញលេញរួមជាមួយបរិស្ថានអនាម័យ។លើសពីនេះទៀត គម្រោងនេះ ក៏នឹងរួមចំណែកដល់គុណភាពនៃការស្នាក់នៅសម្រាប់ភ្ញៀវទេសចរជាច្រើនផងដែរ ពីព្រៃខេត្តកំពត គឺ ជាគោលដៅទេសចរណ៍សំខាន់មួយនៅក្នុងប្រទេសកម្ពុជា ។