អង្គការអុកស្វាម នឹងរៀបចំវេទិកាអភិបាលកិច្ចវិស័យ​ឧស្សាហកម្ម និស្សារណកម្មនៅកម្ពុជា ស្ដីពីទស្សនវិស័យរ៉ែ ប្រេង និងឧស្ម័ន ឆ្នាំ២០១៩ នៅថ្ងៃស្អែកនេះ

AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ — អង្គការអុកស្វាម​ សហការណ៍ជាមួយ អង្គការសង្គមស៊ីវិលចំនួន១៣ នឹងរៀបចំវេទិកាអភិ​បាលកិច្ចវិស័យ​ឧស្សាហកម្ម និស្សារណកម្ម នៅកម្ពុជា លើកទី៧ ក្រោមប្រធានបទ “ទស្សន វិស័យរ៉ែ ប្រេង និងឧស្ម័ន ឆ្នាំ២០១៩ និងនាពេលអនាគត” នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារ សាន់វ៉េ រាជធានីភ្នំពេញ។ វេទិកាអភិបាលកិច្ចវិស័យ​ឧស្សាហកម្ម និស្សារណ កម្ម នៅកម្ពុជា ដែលហៅកាត់ថា(EIGF) ត្រូវបានដឹកនាំដោយ ក្រសួងរ៉ែ និងថាមពល ដោយមានសមាជិកពីក្រុមហ៊ុនរ៉ែ ប្រេង និងសមាជិកសង្គមស៊ីវិលចំនួន១៤។ នេះបើយោង តាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការអុកស្វាមប្រចាំនៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា វេទិកានេះ ជាឱកាសសម្រាប់អ្នកចូលរួមចែករំលែក បទពិសោធន៍ និងជជែកពិភាក្សា លើករបៀបវារៈ ជាច្រើន ជាពិសេសផ្តោតទៅលើកិច្ច ពិភាក្សារួមធំៗពីរគឺ ការយល់ឃើញរបស់សហគមន៍មូលដ្ឋានលើវិស័យរ៉ែ និងទស្សនវិស័យរ៉ែ ឆ្នាំ ២០១៩។

ឯកឧត្តម ម៉េង សក្តធារ៉ា រដ្ឋលេខាធិកាក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ជាការពិតណាស់ដែលថា វិស័យរ៉ែ ប្រេង និងឧស្ម័ន នឹងនាំមកនូវឱកាសសេដ្ឋកិច្ចមួយ​ដ៏អស្ចារ្យ។​ ប៉ុន្តែ ដើម្បីអាចទាញយក និងប្រែក្លាយផលប្រយោជន៍ទំាងនេះបាន គ្រប់គម្រោង រ៉ែចាំបាច់ត្រូវធានាឱ្យបានថាប្រទេសជាតិនេះនឹងសម្រេចបានកត្តា ទី១. ប្រសិទ្ធភាពការ​កៀរ​គរ​នៃទំហំ និងសក្តានុពលនៃចំណូលជាតិ ទី២). ការរីកចម្រើនលើជីវភាពរបស់​សហគមន៍​មូលដ្ឋាន ដែលនៅក្បែរទីតាំងអាជីវកម្មរ៉ែ ទី៣. និរន្តភាពទៅលើធនធានធម្មជាតិ និង សុខុមាលភាពសាធារណៈ។ ឯកឧត្តមបន្តទៀតថា ដើម្បីសម្រេចបានចំណុចខាងលើ តម្រូវ​ឱ្យមានការយកចិត្តដាក់យ៉ាងមឺងម៉ាត់លើការកែទម្រង់ និងអភិបាលកិច្ចភាគី ដោយមានកា​រ​ចូលរួមពេញលេញពីគ្រប់ភាគី។

លោកស្រី លឹម សូលីន នាយិកា អង្គការអុកស្វាមប្រចាំនៅកម្ពុជា បានលើកឡើងថា ការមិនបើកចំហរ ជាហេតុនាំឱ្យមានភាពមិនទុកចិត្តគ្នា ហើយតម្លាភាព គឺជាគន្លឹះសំខាន់​សម្រាប់គ្រប់គ្រងការរំពឹងទុករបស់ភាគីពាក់ពន្ធ័​ និងសាធារណជន ដែលនាំទៅរកភាព ជោគជ័យក្នុងវិស័យនេះ។ លោកស្រីបានបន្ដថា​ វេទិកា EIGF បានផ្តល់នូវឱកាសសម្រាប់ការ ពិភាក្សាប្រកបដោយអត្ថន័យរវាងគ្រប់ភាគីរួមមាន សហគមន៍ រាជរដ្ឋាភិបាល ក្រុមហ៊ុន និងភាគីដទៃទៀតដើម្បីសម្រេចឱ្យបាននូវការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងលើវិស័យឧស្សាហកម្មនិស្សារណកម្មនៅកម្ពុជា។

ជាមួយគ្នានេះដែរ លោក ច័ន្ទ សុផល នាយក មជ្ឍមណ្ឌលសិក្សាគោលនយោបាយ (CPS) បានលើកឡើងថា “ខ្ញុំគិតថា វេទិកា EIGF គឺជាយន្តការដែលថ្មី និងមានលក្ខណៈ​ច្នៃប្រឌិតមួយ សម្រាប់គ្រប់ភាគីពាក់ពន្ធ័ ចែករំលែកព័ត៌មាន និងកសាងទំនុកចិត្ត រវាងគ្នា និងគ្នា”។ លោកជឿជាក់ថា ប្រសិនបើយើងគ្រប់គ្រងធនធានរ៉ែ ប្រេង និងឧស្ម័នបានល្អ នោះវិស័យនេះនឹងចូលរួមកសាងសេដ្ឋកិច្ចកម្ពុជាបានច្រើនគួរឱ្យកត់សម្គាល់។ ប៉ុន្ដែ ប្រសិន បើ​គ្រប់គ្រងមិនបានល្អទេ នោះវានឹងក្លាយជាបញ្ញាមួយដែលនឹងជះឥទ្ធិពលអវិជ្ជ មានដល់ សុខភាពសាធារណៈ និងការមិនពេញចិត្តរបស់ប្រជាជនជារួម។

សូមបញ្ជាក់ថា វេទិកា EIGF លើកទី៧ នឹងមានការចូលរួមពីតំណាងក្រសួងរ៉ែ និង​ថាមពល ក្រុមហ៊ុនរ៉ែ និងប្រេង ក្រុមប្រឹក្សាឃុំ និងសមាជិកសហគមន៍មូលដ្ឋានពីខេត្ត រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តព្រះសីហនុ វិទ្យាស្ថានសិក្សាស្រាវជ្រាវ យុវជន និងសង្គម ស៊ីវិលផងដែរ៕

ដោយ អ៊ុន រិទ្ធី