រដ្ឋមន្រ្ដីក្រសួងព័ត៌មានចាត់ទុកការបង្កើតកម្មវិធីរាត្រីសប្បុរសធម៌ ជួយទ្រទ្រង់ និងការ ពារសត្វដំរីគឺជាគំនិតផ្ដួចផ្ដើមមួយដ៏ល្អដើម្បីថែរក្សាសត្វដំរីនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ — រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានចាត់ទុកការបង្កើតកម្មវិធីរាត្រីសប្បុរសធម៌ប្រមូលមូលនិធិ ដើម្បី ទ្រទ្រង់ និងការពារសត្វដំរីគឺជាគំនិតផ្ដួចផ្ដើមមួយដ៏ល្អក្នុងការចូលរួមថែរក្សា និងអភិរក្ស សត្វដំរីនៅក្នុងប្រទេសកម្ពុជា។

ការលើកឡើងនេះ ធ្វើឡើងក្នុងកម្មវិធីរាត្រីសប្បុរសធម៌ប្រមូលមូលនិធិ ដើម្បីជួយទ្រ​ទ្រង់ និងការពារសត្វដំរី នៅប្រទេសកម្ពុជា កាលពីរាត្រីថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៩ នៅ​សណ្ឋាគារ ឡឺរ៉ូយ៉ាល់ ដែលបានរៀបចំឡើងដោយសមាគមអៃរាវត្តា និងមានការអញ្ជើញ ចូលរួម ពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន និងលោកជំទាវ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍កោតសរសើរដល់សមាគម អៃរាវត្តា ដែលមានគំនិតដ៏ល្អ ក្នុងការរៀបចំកម្មវិធីរាត្រីសប្បុរសធម៌ ក្នុងការប្រមូលមូលនិធិ សម្រាប់ យកទៅជួយដល់សត្វដំរី ពង្រីកការផ្សព្វផ្សាយ  និងបង្កាត់ពូជដំរី នៅក្នុងប្រទេសកម្ពុជា ឱ្យ កាន់តែច្រើនថែមទៀត។ ទន្ទឹមនេះ ឯកឧត្ដមក៏បានថ្លែងអំណរគុណដល់សណ្ឋាគារ ឡឺរ៉ូយ៉ាល់ ដែ​លមិនត្រឹមតែជួយដល់ដំរីនោះទេ តែកន្លងមកក៏បានជួយដល់ការ អភិរក្សសត្វ ត្រយ៉ងយក្ស នៅក្នុងខេត្តព្រះវិហារ ដោយក្នុងនោះបានទិញអង្ករ ពីប្រជាកសិករ ដែលជាអ្នកថែរក្សាត្រយ៉ង យក្ស នៅទីនោះផងដែរ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា ប្រសិនបើសមាគមអៃរាវត្តា មានជាក្លីបវីដេអូទាក់ទងទៅនឹងការងារថែរក្សា និងអភិរក្ស សត្វដំរី គឺអាចយកមកផ្សាយ នៅ ទូរទស្សន៍ និងវិទ្យុ របស់រដ្ឋដោយមិនគិតថ្លៃ ។

លោកស្រី ក្លេ ខៃ ចិន្តា នាយិកាសមាគម អៃរាវត្តា បានលើកឡើងថា កម្មវិធី រាត្រី សប្បុរសធម៌ ប្រមូលមូលនិធិ ដើម្បីជួយទ្រទ្រង់ និងការពារសត្វដំរី នៅប្រទេសកម្ពុជា នេះគឺ ជាលើកទី ២ ហើយ កាលពីលើកទី១ ធ្វើនៅស្ថានទូត បារាំង ប្រចាំនៅកម្ពុជា ដោយបាន ប្រមូលជាមូលនិធិ តាមរយៈសមាគម យកទៅបើកប្រាក់ខែ ឱ្យក្រុមហ្មដំរី ព្យាបាលដំរី ក្នុងឆ្នាំកន្លងមក។ លោកស្រីបានបន្ដថា ការរៀបចំកម្មវិធី រាត្រីសប្បុរសធម៌ នេះឡើង ក្នុង គោលបំណង ធ្វើយ៉ាងណាឱ្យសត្វដំរី អាចរស់នៅក្នុងព្រៃធម្មជាតិ បង្កាត់ពូជ ដើម្បីឱ្យដំរី មាន​ចំនួន កើនឡើង និងចូលរួមអភិវឌ្ឍន៍ អេកូទេសចរណ៍។ លោកស្រីប្រធានសមាគម បានបន្ដឱ្យដឹងទៀតថា សមាគមអៃរាវត្តា ធ្វើការផ្តោតជាសំខាន់ទៅលើវប្បធម៌ខ្មែរ ការពារ ធម្មជាតិ ព្រោះដំរីមិនគ្រាន់តែជាសត្វប៉ុណ្ណោះទេ ប៉ុន្តែដំរីជាសសរគ្រឹះ នៃប្រវត្តិសាស្រ្ត និង ប្រពៃណីខ្មែរ។ លោកស្រីក៏បានថ្លែងនូវព្រះអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី  ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា ដែល​ព្រះអង្គបានគាំទ្រដល់សមាគមអៃរាវត្តា។ ទន្ទឹមនេះ ក៏សូមថ្លៃងនូវអំណរព្រះគុណយ៉ាងជ្រាល ជ្រៅចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរី ភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលសម្តេចម៉ែ បានគាំទ្រ និងផ្តល់ ថវិកា ចំនួន​ ២ ម៉ឺន ដុល្លារ ដល់សម្មភាពការងារ ជួយអភិរក្ស សត្វដំរី នៅកម្ពុជា ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសកម្ពុជា មានសត្វដំរីសរុបប្រមាណជាង៣០០ ក្បាល ក្នុងនោះ ដំរីស្រុក មានចំនួន៧២ក្បាល និងដំរីព្រៃ២៥០ក្បាល ។ ការចូលរួមចំណែកថែទាំ ការពារ និងអភិរក្សសត្វដំរី របស់សមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា ក៏ត្រូវបានបង្កើត​ឡើង ដើម្បីចិញ្ចឹម និងថែទាំសត្វដំរីចំនួន៤ ក្បាល នៅក្នុងខេត្តរតនគិរីផងដែរ៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា