ក្រសួងព័ត៌មានចាប់ផ្តើមកែទម្រង់ ប្រព័ន្ធរដ្ឋបាលថ្មីដើម្បីធានាការផ្តល់សេវាអោយលឿនរហ័ស

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ប៉ុង សុភាវី

ភ្នំពេញ៖ ក្រសួងព័ត៌មានចាប់ផ្តើមកែទម្រង់ ប្រព័ន្ធរដ្ឋបាលមួយចំនួន ដើម្បីធានាធ្វើយ៉ាងណា អោយរាល់ការទទួលលិខិតចេញ ចូល និងបញ្ជូនដល់ ផ្នែកពាក់ព័ន្ធ អោយបានឆាប់ ជៀសវាងការស្ទះយឺតយ៉ាវចំពោះការងារដែលត្រូវធ្វើ។

ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៏ដើមខែ របស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្តីផ្នែករដ្ឋបាល ត្រូវសហការគ្នាអោយជាប់ ជាមួយខុទ្ទកាល័យ ដើម្បីធ្វើការពិនិត្យ និងទទួលលិខិត ឬឯកសារផ្សេងៗ ដែលស្ថាប័ន អង្គភាពដទៃ បញ្ជូនមកក្រសួងព័ត៌មាន ថាត្រូវយកទៅជូន អង្គភាពមួយណា ដែលជាប់ពាក់ព័ន្ធ ត្រូវទទួលយក ហើយបញ្ជូន សម្រាប់ថ្នាក់ដឹកនាំធ្វើការសម្រេចអោយបានលឿន និងចាត់ចែងអនុវត្ត បានទាន់ពេលវេលា។

ជាងនេះទៅទៀតផ្នែករដ្ឋបាល ក៏មានទីតាំងមួយ ដែលបង្ករភាពងាយស្រួល សម្រាប់អោយគេមកធ្វើទំនាក់ទំនងការងារ​​បានឆាប់រហ័ស និងមានកិច្ចសហការគ្នាល្អ ដើម្បីពន្លឿនរាល់កិច្ចការ គ្រប់ផ្នែកនៃក្រសួងព័ត៌មាន។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ថ្នាក់ដឹកនាំ គ្រប់ផ្នែក គ្រប់ជំនាញ ក៏ដូចជាមន្រ្តីរាជការ នៃក្រសួងព័ត៌មាន គឺនៅមានកិច្ចការងារសំខាន់ៗ ជាច្រើនផ្សេងទៀត ដែលត្រូវធ្វើ ក្រៅពីការងារស្នូលត្រូវបំពេញប្រចាំថ្ងៃ ទាំងកិច្ចការងារថ្នាក់ជាតិ និងអន្តរជាតិ ក្នុងនោះការ ក្រសួងព័ត៌មានត្រៀមរៀបចំកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី AMS ANGKOR នៅក្នុងខេត្ត សៀមរាប នាអំឡុងខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ ដែលមានការចូលរួមពី រដ្ឋមន្រ្តីព័ត៌មាន ក្នុងតំបន់ និងអ្នកពាក់ព័ន្ធក្នុងផ្នែកព័ត៌មាន ជាច្រើនរយនាក់ មកពីតំបន់អាស៊ី និងប្រទេសមួយចំនួនជុំវិញពិភពលោក៕