ប្រាក់បៀវត្សមន្រ្តីរាជការសម្រាប់ខែមេសានេះនឹងត្រូវបើកតែមួយលើកប៉ុណ្ណោះនៅមុនបុណ្យចូលឆ្នាំថ្មី

វិទ្យុជាតិកម្ពុជា៖ ស៊ឹង សុផារី

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជូនដំណឹងថា ចំពោះប្រាក់បៀវត្សប្រចាំខែសម្រាប់មន្រ្តីរាជការ​នៅក្នុងខែមេសានេះនឹងត្រូវ​បើកតែមួយលើកប៉ុណ្ណោះ រួមជាមួយនឹងប្រាប់ឧបត្ថម្ភ ចំនួន៥ម៉ឺនរៀលបន្ថែមទៀតសំរាប់ឱកាសពិធីបុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដាកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្តេចបានសម្រេចតាមសំណើរបស់ ឯកឧត្តមឧបនាយ​ករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឲ្យបើកប្រាក់បៀវត្សតែមួយលើកមុនចូលឆ្នាំខ្មែរ គឺដោយសរុបទាំងពីរ​លើកតែម្តង។
សម្តេចតេជោហ៊ុនសែន បានអះអាងថា ការបើកប្រាក់បៀវត្សសរុបប្រចាំខែមេសាតែមួយលើកនៅមុខឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិនេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់មន្រ្តី​រាជការទាំងអស់មានថវិកាចាយវាយគ្រប់គ្រាន់ទៅតាមតម្រូវការ។
សំលេង៖ សម្រាប់មន្រ្តីរាជការស៊ីវិលរបស់យើងកម្លាំងប្រដាប់អាវុធរបស់យើងវិវត្តជននៅក្នុងខែមេសានេះ យើងមិនបើកប្រាក់ខែពីរដងក្នុងមួយខែ ឥឡូវត្រូវដោះស្រាយយ៉ាងម៉េចសម្រាប់បញ្ហានេះបើសិនជាបើកពាក់កណ្តាល​ឧទាហរណ៍បើ​កមុនបុណ្យចូលឆ្នាំបានទៅពាក់កណ្តាលទេហើយចាំតទៅក្រោយចូលឆ្នាំបានពាក់កណ្តាលទៀត អញ្ចឹងអត់មានលុយចាយគ្រប់សម្រាប់ពេលចូលឆ្នាំទេ អញ្ចឹងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានស្នើសុំយោបល់មកខ្ញុំថាបើតែម្ដងទេគឺមុនចូលឆ្នាំបើកប្រាក់ពេញមួយខែតែម្ដងបានសេចក្តីថាលើកទី ២យកមកបើកនៅអាលើកទីមួយមុនបុណ្យចូលឆ្នាំបូកបន្ថែមនឹងការឧបត្ថម្ភម្នាក់៥ម៉ឺនរៀលថែមទៀត អញ្ចឹងត្រូវបើកមុនចូលឆ្នាំដើម្បីឲ្យមានលុយចូលឆ្នាំ។ ចាំដល់ខែ ឧសភា បានចាប់ផ្ដើមបើកតាមពីសប្ដាហ៍ម្ដងឡើងវិញ អញ្ចឹងក៏សូមប្រកាសជូនមន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធរបស់យើងថានាយករដ្ឋមន្ត្រីបានសម្រេចតាមសំណើរបស់ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឲ្យបើកតែម្ដងទេ គឺបើកនៅមុនចូលឆ្នាំខ្មែរបើកទាំងពីរលើក ទាំង២អាទិត្យនៃដើមខែនឹង២អាទិត្យចុងខែ បូកនឹងប្រាក់ឧបត្ថម្ភតែម្ដង។
មន្រ្តីរាជការដែលមានការសង្ស័យថាចុះបើបើកបានតែពាក់កណ្តាលអញ្ចឹងចាយចូលឆ្នាំគ្រប់អត់អញ្ចឹងសូមយកឱកាសនេះ ប្រកាសជូនមន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធរបស់យើងក៏ដូចជានិវត្តន៍ជននិងមន្ត្រីទាំងអស់រាប់តាំងពីភូមិ ឃុំឡើង ឲ្យបានយល់អំពីបញ្ហានេះ យើងអាចនឹងមានលទ្ធភាពដើម្បីនឹងទទួលបាននូវប្រាក់សម្រាប់ការចំណាយក្នុងពេលចូលឆ្នាំ ចឹងឥឡូវនេះថ្ងៃនេះគឺជាថ្ងៃចាប់ផ្ដើមឡើងប្រាក់ខែបានសេចក្តីថាមន្រ្តីរាជការរបស់យើងកងកម្លាំងប្រដាប់អាវុធរបស់យើងឡើង២តង់ តង់ទីមួយគឺពីខែមករាដល់ខែមេសាគឺឡើងបៀវត្ស តង់ទី២ឡើងប្រាក់បំណាច់មុខងារចឹងទេឥឡូវនេះបើកប្រាក់ខែផង បូកជាមួយនឹងបើកឲ្យបានមុនចូលឆ្នាំ ៕