ក្រសួងមហាផ្ទៃជំរុញឲ្យមន្រ្ដីនគរបាលពន្លឿនការដកឯកសារពីជន អន្ដោប្រវេសន្តមិនប្រក្រតីនៅកម្ពុជា

វិទ្យុជាតិកម្ពុជា អត្ថបទ៖ជួន បូណា ០១ ០៤ ១៩

ភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានជំរុញឲ្យមន្រ្ដីនគរបាលពន្លឿនការដកហូតឯកសារពីជនអន្ដោប្រវេសន្ដកាន់​កាប់​ប្រើ​ប្រាស់​មិនប្រក្រតីនៅកម្ពុជា ដើម្បីធានាការគ្រប់គ្រងជនអន្តោប្រវេសន្តខុសច្បាប់នៅកម្ពុជាប្រកបដោយប្រសិទ្ធភាព។

កិច្ចប្រជុំបូកសរុបដកពិសោធន៍ការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការ​ងារ​ទទួលពាក្យសុំជាជនបរទេសអន្តោរប្រវេសន្ត រយៈពេល៣ខែ និងលើកទិសដៅការងារសម្រាប់រយៈពេល៣ខែទៀត នាព្រឹកថ្ងៃទី០១ ខែមេសា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកការងារអន្ដោ​ប្រវេសន្ដមាន​ប្រសាសន៍ ស្នើឲ្យក្រុមការងារចុះដកហូតឯកសារ ចុះជាប់ជាប្រចាំនៅនឹងខ្នងផ្ទះ ជាមួយស្នងការដ្ឋាននគរបាលរាជធានីខេត្ដ ជាពិសេស​អធិការនគរបាលក្រុង ស្រុក ខណ្ឌ ដើម្បីអនុវត្ដការងារដកហូតឯកសារនិងជំរុញឲ្យជនបរទេសដាក់ពាក្យទទួលស្គាល់ និងសុំប័ណ្ណស្នាក់នៅអចិន្ដ្រៃយ៍ស្របតាមច្បាប់។

បន្ថែមពីនេះទៀត ឯកឧត្តម បានជំរុញឲ្យមានការតាមដានជនបរទេសដែលមិនទាន់មកដាក់ពាក្យទទួលស្គាល់ ដោយពន្យល់​ពួក​គេដែលមិនព្រមមកដាក់ពាក្យទទួលស្គាល់ និងសុំប័ណ្ណស្នាក់នៅអចិន្ដ្រៃយ៍នឹងប្រឈមការអនុវត្ដន៍​​ច្បាប់របស់អាជ្ញាធរគ្រប់ខេត្ដ ក្រុងនៅកម្ពុជា។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ចំពោះជនបរទេសដែលរស់នៅកម្ពុជា និងដកឯកសារនេះ រាជរដ្ឋាភិបាលបានទុក​សិទ្ធិ​ឲ្យពួកគេអាចយកឯកសារផ្ដល់ជូនអាជ្ញាធរ និងដាក់ពាក្យសុំទទួលស្គាល់ជាជនអន្ដោប្រវេសន៍ស្របច្បាប់នៅកម្ពុជា។

យោងតាមលទ្ធផលបូកសរុបពីដំបូងដល់ថ្ងៃទី៣០ខែមីនា២០១៩ អគ្គនាយកដ្ឋានអន្ដោប្រវេសន្តបានដកហូតឯកសារ​រដ្ឋបាលកម្ពុជា​មិន​ប្រក្រតីសរុបចំនួន៣៥,៤៤១ឯកសារ ពីរគ្រួសារជនអន្ដោប្រវេសន្ដ សរុបចំនួន ១៩,០១០គ្រួសារ គិតជាមនុស្សរួមមានចំនួន ៦៨,០១៧នាក់ ស្រី៣២,៦៥៥នាក់ មានអ្នកអាយុ១៨ឆ្នាំឡើងចំនួន ៤៨,៩៨៧នាក់ ស្រី២៣,៦១៤នាក់ មាន៩សញ្ជាតិ រួមមានថៃ ឡាវ ចិន ឥណ្ឌូណេស៊ី បង់ក្លាដេស និងវៀតណាម៕