ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជារៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តទទួលអំណរសាទរពិធីបុណ្យចូលឆ្នាំថ្មី

វិទ្យុជាតិកម្ពុជា ៖ អត្ថបទ ចេម ហួត

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីត្រៀមទទួលអំណរសាទរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ទន់ សារាត រដ្ឋលខាធិការក្រសួងព័ត៌មាន និងលោកជំទាវឈឹមពៅ សុកាន់ឌីអគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ព្រមទាំងលោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាននិង មន្ត្រីរាជការក្រោមឱវាទជាច្រើននាក់ផងដែរ ។

ពិធីសូត្រមន្តចម្រើនព្រះបរិត្តនេះរៀបចំឡើងតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនាដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះដួងវិញ្ញាណក្ខ័ន្ធ បុព្វការីជន ជីដូនជីតា ឪពុកម្តាយនិងញាតិការទាំង៧សន្តានដែលបានចែកឋានទៅកាន់បរលោកខាងមុខ សូមរំដោះរួចចាកផុត​​ពីកម្មពារ វេរាទាំងឡាយ និងបានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ម៉្យាងវិញទៀតពិធីនេះ ក៏បានឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាពិសេស ទេវតាឆ្នាំថ្មី  ដែលនឹងយាងមកគ្រប់គ្រងថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នៅពេលឆាប់ៗខាងមុខនេះ សូមប្រោះព្រំ​ប្រសិទ្ធិ​ពរជ័យ បវរសួស្តី មហាប្រសើរ និងបរមសុខគ្រប់ប្រការ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីអ្នកមុខអ្នកការអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួង​ព័ត៌មាន។

សូមបញ្ជាក់ថា ពិធិបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះ នឹងប្រារព្វធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩៕