ក្រុមហ៊ុនអាកាសចរណ៍របស់កូរ៉េខាងជើងបង្កើនជើងហោះហើរ ទីក្រុងព្យុងយ៉ាង-ប៉េកាំង

AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩​ — ប្រភពមួយបាននិយាយនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងជើង Air Koryo បានបង្កើនចំនួន ជើងហោះហើររវាងទីក្រុងព្យុងយ៉ាង និងទីក្រុងប៉េកាំងក្នុងការរំពឹងទុក​នៃការកើនឡើងក្នុងការផ្លាស់ប្តូរចំពេលដែលទំនាក់ទំនងទ្វេភាគីរបស់ពួកគេត្រូវបានកែលម្អ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Air Koryo នឹងហោះ​ហើរ​រវាងរដ្ឋធានីរបស់សម្ព័ន្ធមិត្ត​ប្រាំដងក្នុងមួយសប្តាហ៍ ដែលចាប់ផ្តើមពីខែមេសា ​ដែលកាល​ពីពេលមុនមានបីដងក្នុងមួយសប្តាហ៍។ ជើងហោះហើរត្រង់ក្រុងព្យុងយ៉ាង-ប៉េកាំង​ នឹងមាន​ជារៀងរាល់ថ្ងៃ លើកលែងតែថ្ងៃពុធ និងថ្ងៃអាទិត្យ។

ការកើនឡើងនេះ ហាក់ដូចជាមានគោលបំណងដើម្បីឆ្លើយតបទៅនឹងការកើនឡើង​នៃចំនួនភ្ញៀវទេសចរ និងការផ្លាស់ប្តូរឆ្លងកាត់ព្រំដែនដទៃទៀតនៅក្នុងវិស័យរដ្ឋ​និងផ្នែកស៊ីវិល ខណៈដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំនេះ។

នៅក្នុងសញ្ញានៃការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីនេះ មេដឹកនាំកូរ៉េខាងជើង​លោក ​គីម ជុង-អ៊ុន បានធ្វើទស្សនកិច្ចប្រទេសនៅប្រទេសចិនបួនដងមកហើយ ​ចាប់តាំងពីឆ្នាំមុនមក​ដើម្បីពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីន-ពីង ​រួមទាំងការធ្វើដំណើរចុងក្រោយ​របស់​លោក​នៅក្នុងខែមករាឆ្នាំនេះ។

កាលពីខែកញ្ញាកន្លងទៅ កូរ៉េខាងជើងបានបន្តការហោះហើររវាងក្រុងព្យុងយ៉ាង​ និង​ទីក្រុងដាលីន (Dalian) របស់ចិន បន្ទាប់ពីមានការខកខានមួយដែលបានអូសបន្លាយ​ពេល​ជាច្រើនឆ្នាំកន្លងមក៕

( ប្រភព យន់ហាប់:បកប្រែដោយលោក  មាស សំអុល )