មេដឹកនាំជាន់ខ្ពស់ Al-Shabab ចុះចូលជាមួយរដ្ឋាភិបាលសូម៉ាលី

AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ — ពួកមន្ត្រីបាននិយាយពីថ្ងៃអាទិត្យនេះថា មេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមសកម្មប្រយុទ្ធសូម៉ាលី al-Shabab  បានចុះចូលជាមួយកងកម្លាំងរដ្ឋាភិបាលសូម៉ាលី នៅក្នុងទីក្រុង Marka ក្នុងតំបន់ Lower Shabelle ប្រទេសសូម៉ាលីភាគខាងត្បូង  ។

លោក  Ahmed abai Ali  មេបញ្ជាការកងពលធំក្រុម ១៤ តុលា នៃកងទ័ពជាតិសូម៉ាលី ( SNA ) បានប្រាប់ពួកអ្នកកាសែតថា លោក Ibrahim Mohamed Bitow  បានចុះចូលជាមួយកងកម្លាំងសូម៉ាលី បន្ទាប់ពីប្រតិបត្តិការយោធាយ៉ាងខ្លាំងក្លាលើពួកឧទ្ទាមក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ។

លោកមេបញ្ជាការរូបនេះបាននិយាយថា បន្ទាប់BIប្រតិបត្តិការយ៉ាងយូររយៈពរល ១៤ ថ្ងៃ លើពួក al-Shabab ក្នុងទីក្រុង Marka លោក Ibrahim   បានទាក់ទងជាមួយយើង ហើយបានចុះចូលជាមួយកងកម្លាំងរដ្ឋាភិបាល ។

លោកបានអំពាវនាវដល់ក្រុមដែលនៅសេសសល់ដទៃទៀតនៅក្នុងក្រុមជ្រុលនិយម  al-Shabab ​ឱ្យធ្វើតាមសកម្មភាពនេះ ។ អតីតមេដឹកនាំជាន់ខ្ពស់  al-Shabab ដែលបានធ្វើការនៅ ក្នុងក្រុមនេះ​រយៈពេល ៩ ឆ្នាំ បាននិយាយថា លោកបានចូលរួមជាមួយកងកម្លាំងរដ្ឋាភិបាល តាម ឆន្ទៈរបស់លោក ។

លោក Ibrahim   ដែលអមដំណើរដោយអង្គរក្សពិសេសម្នាក់​របស់លោកបានសារភាពថា ពួកគេមានការយល់ច្រឡំ ដែលទៅចូលរួមក្នុងក្រុមភេរវជន ព្រមទាំងបានសុំឱ្យប្រជាជនសូម៉ាលីអភ័យទោសដល់ពួកគេ​ ។

ក្រសួងព័ត៌មានបាននិយាយថា កងកម្លាំងសន្តិសុខបានត្រួតត្រាមូលដ្ឋានរបស់ពួកសកម្មប្រយុទ្ធនេះ នឹងរឹបអូសយកបានគ្រឿងសម្ភារយោធា ព្រមទាំងបានសម្លាប់ពួកភេរវជនជាច្រើន នាក់ដោយឡែកចាប់        ខ្លួនបានម្នាក់​ ។

បេសកកម្មសហភាពអាហ្វ្រិកក្នុងប្រទេសសូម៉ាលី ក៏បានបង្កើនប្រតិបត្តិការផងដែរ ប្រឆាំងនឹងពួកសកម្មប្រយុទ្ធ al-Shabab នៅក្នុងប្រទេសសូម៉ាលីភាគកណ្តាល និងភាគខាងត្បូង ដោយធ្វើការវាយប្រហារជាប់ៗ គ្នាដើម្បីបណ្តេញពួកសកម្មប្រយុទ្ធឱ្យចេញពីតំបន់ទាំងនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )