សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដាជាង ៣ពាន់នាក់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បាន
អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដាចំនួន ៣,២១៣នាក់ ក្នុងនោះមាននារី ២,៧០៤នាក់។ ពិធីនេះ រៀបចំធ្វើនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌កោះពេជ្រ  នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ ២០១៩ នេះ។
លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា បានឲ្យដឹងថា និស្សិតដែលទទួលសញ្ញា បត្រនៅថ្ងៃនេះ រួមមានថ្នាក់បរិញ្ញាបត្ររង បរិញ្ញា បត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ ក្នុងចំណោមនិស្សិតទាំងនេះ មាននិស្សិតថ្នាក់បរិញ្ញាបត្រផ្នែកអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនចំនួន ៣០នាក់ (នារី ២២នាក់)ផងដែរ។
បើតាមលោកបណ្ឌិត ហេង វ៉ាន់ដា អោយដឹងនោះថា ក្នុងចំណោមនិស្សិតដែលបញ្ចប់ការ សិក្សានេះ អ្នកដែលមានការងារធ្វើចំនួន ២,៨៥៩នាក់ ស្មើនឹង ៨៨,៩៨ភាគរយ។
លោកនាយកវិទ្យាស្ថានវ៉ាន់ដា បានបញ្ជាក់ថានៅក្នុងឆ្នាំសិក្សាឆ្នាំ២០១៨-២០១៩នេះ វិទ្យាស្ថា នរបស់លោកមាននិស្សិតកំពុងសិក្សា ៨,៤៩១ នាក់ ក្នុងនោះមាននារី ៧,៣៧១នាក់។ បើគិតចាប់តាំងពីឆ្នាំសិក្សា២០០១-២០០២ ដល់ឆ្នាំសិក្សា២០១៧-២០១៨កន្លងមកនេះ និស្សិតបានបញ្ចប់ការសិក្សាដោយគិតទាំងនិស្សិតជ័យលាភីនាពេលនេះផង មានចំនួនសរុប ២៨,៧៥៨នាក់ ក្នុងនោះនារី ២៣,៦៥៣នាក់។
វិទ្យាស្ថានវ៉ាន់ដា គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលបានបង្កើតឡើងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០០១។ បច្ចុប្បន្នវិទ្យាស្ថាននេះ មានទីតាំងចំនួន៤កន្លែងកំពុងដំណើរការ ក្នុងនោះ ២កន្លែងស្ថិតនៅរាជធានីភ្នំពេញ, ១កន្លែងស្ថិតនៅខេត្តសៀមរាប និង១កន្លែងទៀត ស្ថិត នៅខេត្តបាត់ដំបង។
លោកបណ្ឌិត ហេង វ៉ាន់ដា បានឱ្យដឹងថា វិទ្យា ស្ថានបានធ្វើពិធីប្រគល់សញ្ញាបត្រជូននិស្សិតដែលបានបញ្ចប់ការសិក្សាចំនួន១៣លើករួចមកហើយ។ ចាប់ពីឆ្នាំ២០០១-២០០២ដល់ឆ្នាំសិក្សា ២០១៨-២០១៩ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អាហារូបករណ៍ដល់និស្សិតក្នុងវិទ្យាស្ថានចំនួន ៥៧៤នាក់។