ទឹកនៅក្នុងកសិន្ធុប្រាសាទអង្គរវត្តនៅតែរក្សាបានតុល្យភាព បើទោះបីជួបប្រទះអាកាសធាតុក្តៅខ្លាំងនារដូវប្រាំង

AKP សៀមរាប ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ — ទឹកនៅក្នុងកសិន្ធុព័ទ្ធជុំវិញប្រាសាទអង្គរវត្ត នៅតែរក្សាបាននូវតុល្យភាពរបស់ខ្លួន បើទោះបីជួបប្រទះអាកាសធាតុក្តៅហួតហែងខ្លាំងនារដូវប្រាំងនេះក៏ដោយ។ នេះបើយោងតាមការឱ្យដឹងពីសំណាក់មន្ត្រីគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា។លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹង កាលពីព្រឹកថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះថា ក្នុងមួយថ្ងៃៗ ទឹកក្នុងកសិន្ធុអង្គរវត្តបាត់បង់អស់ប្រហែលជាង មួយម៉ឺនម៉ែត្រគុប (ស្រកប្រហែល១ហ៊ុនឬ២ហ៊ុន) ដោយការរំហួតទៅក្នុងបរិយាកាសផង និងការជ្រាបទឹកទៅក្នុងដីផង។
លោក ភឿន សុឃីម បានបញ្ជាក់ទៀតថា ទោះបីការរំហួតទឹកមានកម្រិតធំ តែមិនធ្វើឱ្យប៉ះពាល់ដល់បរិមាណទឹកក្នុងកសិន្ធុប្រាសាទអង្គរវត្តនោះឡើយ ព្រោះកសិន្ធុអាច ផ្ទុកទឹកបានសរុបជាង១លានម៉ែត្រគុប ព្រមទាំងមានការបញ្ចូលទឹកជាប្រចាំផងដែរ។

លោក ភឿន សុឃីម បានឱ្យដឹងទៀតថា អាជ្ញាធរជាតិអប្សរាបានសហការជាមួយរដ្ឋាករ ទឹកស្វយ័តសៀមរាបជាប្រចាំក្នុងការគ្រប់គ្រងទឹកក្រោមដី ពោលគឺធ្វើយ៉ាងណាកុំឱ្យការ បូមទឹកក្រោមដីយកមកប្រើប្រាស់ប៉ះពាល់ទៅដល់ស្រទាប់ទឹកក្រោមដី ដែលអាចនឹងមានហានិភ័យដល់ការអភិរក្សប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។លើសពីនេះទៀត អាជ្ញាធរជាតិអប្សរាក៏បានស្តារឡើងវិញនូវប្រព័ន្ធផ្លូវទឹកបុរាណ ដើម្បីបង្ហូរទឹកពីកសិន្ធុទីក្រុងអង្គរធំទៅកសិន្ធុប្រាសាទអង្គរវត្តត្រង់ ចំណុចទន្លេអុំខាងកើតតាមច្រកសំពៅលូន។ ដូច្នេះហើយទើបធ្វើឱ្យទឹក ក្នុងកសិន្ធុប្រាសាទអង្គរវត្តធានាបានតុល្យភាព មិនរីងស្ងួតនិងរក្សាបាននូវ ភាពស្រស់ស្អាតក្នុងកសិន្ធុប្រាសាទអង្គរជានិច្ច។

លោក ភឿន សុឃីម បានបញ្ចេញទស្សនៈឈ្វេងយល់ថា ស្ថានភាពទឹកក្រោមដី និងលើដីសុទ្ធតែមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសប្រាសាទអង្គរវត្ត។ ដូច្នេះការរក្សាទឹកឱ្យមានតុល្យភាពទាំងរដូវប្រាំងនិងរដូវវស្សាក្នុងកសិន្ធុ គឺចាំបាច់បំផុត ទាមទារឱ្យការគ្រប់គ្រងទឹកបានត្រឹមត្រូវ ដើម្បីទ្រទ្រង់ប្រាសាទនិងរក្សាសោភណភាព សម្រាប់រមណីយដ្ឋានទាំងមូល។ ជាក់ស្តែងរដូវប្រាំងនៅក្នុងឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាបាននឹងកំពង់ទទួលរងនូវឥទ្ធិពល El Nino ដែលធ្វើឱ្យអាកាសធាតុ ក្តៅហួតហែងខ្លាំង ធ្វើឱ្យមានការបាត់បង់ទឹកយ៉ាងច្រើនដោយបញ្ហារំហួតទឹកទៅបរិយាកាស ដែលបញ្ហានេះបានជះឥទ្ធិពលខ្លាំងដល់ការគ្រប់គ្រងទឹកក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ៕

ដោយ​ ហង្ស សៀក