កូរ៉េខាងត្បូងជំរុញឱ្យមានកិច្ចប្រជុំកំពូលទីក្រុងសេអ៊ូល ជាមួយកូរ៉េខាងជើងនៅឆ្នាំនេះ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ — ក្រសួងបង្រួបបង្រួមបាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូងនឹងជំរុញ​ឱ្យ​រៀបចំកិច្ចប្រជុំកំពូលអន្តរកូរ៉េនៅទីក្រុងសេអ៊ូលក្នុងឆ្នាំនេះ ដោយធ្វើជាផ្នែកមួយនៃកិច្ចខិតខំ​ប្រឹងប្រែង ដើម្បីលើកកម្ពស់ទំនាក់ទំនងឆ្លងកាត់ព្រំដែន និងជួយដោះស្រាយភាពទាល់ច្រក​នាពេល​បច្ចុប្បន្ន​នៅក្នុងកិច្ចចរចានុយក្លេអ៊ែររវាងអាម៉េរិកនិងកូរ៉េខាងជើង។

ក្រសួងនេះបាននិយាយទៀតថា ខ្លួនក៏នឹងព្យាយាមធ្វើឱ្យមានកិច្ចប្រជុំកំពូលជាទៀង​ទាត់ផងដែរ​ដើម្បីរក្សាទំនាក់ទំនងឱ្យបានជិតស្និទ្ធរវាងកូរ៉េទាំងពីរ ​ក្នុងការដោះស្រាយប្រកប​ដោយប្រសិទ្ធភាពនូវបញ្ហាឆ្លងកាត់ព្រំដែន។

ផែនការទាំងនោះគឺ ជាផ្នែកមួយនៃផែនការ និងគោលដៅ ២០១៩​របស់ក្រសួង​ ទៅ​លើប្រទេសកូរ៉េខាងជើង និងស្របទៅនឹងផែនការមេប្រាំឆ្នាំរបស់រដ្ឋាភិបាល​ដែលបានបង្ហាញ​កាលពីចុងឆ្នាំមុនដោយផ្តោតលើការធ្វើមិនឱ្យមានអាវុធនុយក្លេអ៊ែរយ៉ាងពេញលេញនៃឧបទ្វីបកូរ៉េ ការបង្កើតសន្តិភាព និងការទុកចិត្តគ្នាទៅវិញទៅមកជាមួយកូរ៉េខាងជើង។

ក្រសួងបាននិយាយបន្ថែមថា យើងមានគម្រោងរកឱកាស ដើម្បីបង្កើតឱ្យមាននៅក្នុង​រង្វង់​គុណធម៌រឹងមាំនៃទំនាក់ទំនងអន្តរកូរ៉េ​ នុយក្លេអ៊ែរ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់​ទំនង​រវាងសហរដ្ឋអាមេរិក​ និង   កូរ៉េខាងជើង​ តាមរយៈដំណើរទស្សនកិច្ចរបស់លោកប្រធានា​ធិបតី លោក គីម ជុង-អ៊ុន  ទៅកាន់ទីក្រុង សេអ៊ូលដែលលោកបានសន្យា​នៅក្នុងសេចក្តីថ្លែង​ការណ៍ទីក្រុងព្យុងយ៉ាងមួយកាលពីខែកញ្ញាឆ្នាំមុន៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )