លោក បាន គីមូន នឹងធ្វើទស្សនកិច្ចនៅប្រទេសចិននាសប្តាហ៍ក្រោយនេះ ក្នុងឋានៈជាផ្នែកមួយនៃគណៈប្រតិភូចាស់

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ — តាមក្រុមអន្តរជាតិមួយបានឱ្យដឹងថា​ អតីតអគ្គលេខាធិការ អ.ស.ប លោក Ban Ki-moon នឹងធ្វើទស្សនកិច្ចនៅប៉េកាំងនាសប្តាហ៍ក្រោយនេះ សម្រាប់ការពិភាក្សាជាមួយថ្នាក់ដឹកនាំចិន​ស្តីអំពីការប្រែប្រួលអាកាសធាតុ និងសន្តិសុខក្នុងតំបន់ក្នុងឋានៈជាសមាជិកនៃក្រុមវ័យ​ចំណាស់។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ថ្មីៗនេះបានតែងតាំងលោក Ban ដើម្បី​ដឹកនាំគណៈកម្មាធិការជាតិថ្មីមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលបរិយាកាសធូលី។ ប្រជាជនកូរ៉េខាងត្បូងជឿជាក់ថា ធូលីខ្យល់ពីប្រទេសចិន ​គឺជាការបន្ទោសយ៉ាងហោចណាស់​មួយ​ផ្នែក ចំពោះគុណភាពខ្យល់ដែលកាន់តែអាក្រក់នៅក្នុងប្រទេសរបស់ពួកគេ។

ក្នុងដំណើរទស្សនកិច្ចនេះ លោក បាន​ នឹងធ្វើដំណើរទៅកាន់រាជធានី នៃប្រទេសចិន​ក្នុងឋានៈជាអនុប្រធាននៃក្រុមវ័យចំណាស់ ដែលជាមេដឹកនាំឯករាជ្យមួយ​ដែលកំពុងស្វែងរក​ការប្រើប្រាស់បទពិសោធរួម និងឥទ្ធិពលរបស់ពួកគេសម្រាប់សន្តិភាព​យុត្តិធម៌ និងសិទ្ធិ​មនុស្ស​នៅទូទាំងពិភពលោក។ វាត្រូវបានបង្កើតឡើងដោយលោក Nelson Mandela កាលពី​ឆ្នាំ២០០៧។

ក្រុមវ័យចំណាស់នេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិករបស់ខ្លួន​នឹងធ្វើទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមេសា​ខាងមុខនេះ​ ដើម្បីជួប​ប្រជុំ​ជាមួយមេដឹកនាំនយោបាយសំខាន់ៗ​ និងពិភាក្សាគ្នាពីបញ្ហាប្រឈមជាសកលពីការ​ប្រែ​ប្រួល​អាកាសធាតុ​ និងការធ្វើមិនឱ្យមាននុយក្លេអ៊ែរចំពោះសន្តិសុខក្នុងតំបន់​និងភាពជ្រុល​និយម​ជាដើម៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )