ប្រមុខរាជរដ្ឋាភិបាលណែនាំឲ្យក្រសួងអប់រំពង្រឹងគុណភាពអប់រំលើមុខជំនាញវិជ្ជជីវៈ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ៖


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំ យុវជន និងកីឡា ពង្រឹងគុណភាពវិស័យអប់រំកម្ពុជា ស្របគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ លើការអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តម្រង់ទិសសម្រាប់ទីផ្សារការងារ ។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំ២០១៧-២០១៨ និងលើកទិសដៅការងារ២០១៨-២០១៩ កាលពីថ្ងៃ២៧ ខែមីនា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា មានប្រសាសន៍ថា ការបន្តពង្រឹងជំនាញបច្ចេកទេសដល់យុវជន នឹងធានាដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិឲ្យមាននិរន្តរភាព ។
« ត្រូវបន្តអនុវត្តឱ្យកាន់តែសកម្មនូវគោលនយោបាយអភិវឌ្ឍន៍វិស័យអប់រំ ដើម្បីធានាបាននូវការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។ ទន្ទឹមនឹងនេះ ត្រូវខិតខំជំរុញនិងពង្រីកកម្មវិធីអប់រំកុមារតូច និងបង្កលក្ខណៈឲ្យកុមារបានសិក្សាយ៉ាងតិចប្រាំបួនឆ្នាំនៅសាលារៀន ដែលមានបរិស្ថានស្អាត ទឹកស្អាត និងមានអនាម័យ។ ត្រូវបន្តផ្ដល់អាហារូបករណ៍ដល់សិស្សពូកែសិស្សជួបការលំបាកជាពិសេសសិស្សនារី និងសិស្សក្នុងគ្រួសារក្រីក្រ។ ធានាប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីសិក្សាផ្នែកគណិតវិទ្យា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងភាសាបរទេស ដើម្បីឲ្យស្របទៅនឹងចរន្តនៃការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា គឺបដិវត្តន៍ឧស្សាហកម្មទី៤។ ត្រូវបន្តលើកកម្ពស់ការយល់ដឹងអំពីសីលធម៌ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ជាតិនិងការអប់រំសីលធម៌សង្គម។ត្រូវបន្តពង្រឹងការអប់រំ ក្រៅប្រព័ន្ធតាមរយៈការអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី ដើម្បីលើកកម្ពស់គុណភាពនិងសេវាអប់រំនៅគ្រប់ភូមិសិក្សា។ ពង្រីកការអប់រំបច្ចេកទេសដោយយកចិត្តទុកដាក់ ធ្វើឲ្យខេត្តមួយមានវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមួយ យ៉ាងតិចសម្រាប់រយៈពេលមធ្យមនិង ស្រុកមួយមានវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមួយយ៉ាងតិចសម្រាប់រយៈពេលវែង។ត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព និងតម្លាភាពនូវគោលនយោបាយភាពជាអ្នកដឹកនាំនិងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់។ ត្រូវពង្រឹងការងារគ្រប់គ្រងការដឹកនាំ ការបង្កើនប្រសិទ្ធភាពប្រើប្រាស់ហិរញ្ញប្បទាននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ពង្រឹងប្រព័ន្ធការងារ ផែនការស្ថិតិអប់រំពង្រាយគ្រូបង្រៀនឲ្យបានដល់មូលដ្ឋាន។ បន្តអភិវឌ្ឍន៍សមត្ថភាពនាយកសាលា និងគ្រូបង្រៀននៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាល និងគ្រឹះស្ថានសិក្សា ពិសេសពង្រឹងការងារអធិការកិច្ច និងយន្តការពិនិត្យកែលំអជាប្រចាំ៕