រាជរដ្ឋាភិបាល ជំរុញគម្រោងវិនិយោគឲ្យបោះទីតាំង នៅតាមតំបន់ក្រៅ រាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា៖ កញ្ញា អ៊ី កនិកា៖

រាជរដ្ឋាភិបាលបានជំរុញដល់គម្រោងវិនិយោគនានាឲ្យបោះទីតាំងនៅតំបន់ក្រៅពីរាជធានីភ្នំពេញដើម្បីបង្កើនការចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងរកាត់បន្ថយគម្លាតរវាងទីក្រុងនិងជនបទក៏ដូចជាការលើកស្ទួយជីវភាពរបស់ប្រជាជន។
ថ្លែងក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ នាវិមានសន្តិភាព ថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០១៩ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ថា នៅក្នុងឆ្នាំ ២០១៨ តំបន់សេដ្ឋកិច្ចពិសេសដែលបានដំណើរការមានចំនួនរហូតដល់ ២១ តំបន់ក្នុងនោះមានរោងចក្រចំនួន ២៦៦ និងបានបង្កើនការងារចំនួន ១១៣ពាន់កន្លែង បើធៀបទៅនឹងឆ្នាំ ២០១៤ ដែលមានតំបន់សេដ្ឋកិច្ចពិសេសដំណើរការតែចំនួន១៥ ហើយមានរោងចក្រចំនួន ១៥២ និងបានបង្កើតការងារចំនួន ៨៩ពាន់កន្លែងប៉ុណ្ណោះ។
ឯកឧត្តមបានបន្តទៀតថា ជាមួយនឹងកំណើននៃសកម្មភាពវិនិយោគនោះ សកម្មភាពវិនិយោគដទៃទៀតដែលមិនត្រូវបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា,រួមមានដូចជាវិស័យសំណង់និងវិស័យធនាគារនិងហិរញ្ញវត្ថុជាដើម ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ ជាក់ស្ដែងក្នុងវិស័យសំណង់.ទុនវិនិយោគមានការកើនឡើងជាបន្តបន្ទាប់ក្នុងអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ ២៣ ភាគរយ ក្នុងនោះទំហំទុនវិនិយោគនៅឆ្នាំ ២០១៨ មានចំនួនប្រមាណជាង ៥,៧ ប៊ីលានដុល្លារអាមេរិក។ ទន្ទឹមគ្នានេះដែរចំនួនធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានកើនឡើង ពី៨៦ ដល់ ១៣៧ គ្រឹះស្ថាន។ ចំពោះវិស័យទេសចរណ៍វិញ,ចំនួនភ្ញៀវទេសចរបរទេសដែលបានមកទស្សនានៅកម្ពុជាក៏មានការកើនឡើងជាបន្ត បន្ទាប់។ជាក់ស្តែងនៅក្នុងឆ្នាំ ២០១៨ កម្ពុជាបានទទួលភ្ញៀវទេសចរបរទេសចំនួន៦លាន,២សែន នាក់គឺកើនឡើងប្រមាណជិត ៣៨ភាគរយ បើធៀបនឹងឆ្នាំ២០១៤ដែលមានចំនួនត្រឹមតែ ៤លាន,៥ សែននាក់។
សូមបញ្ជាក់ថា សក្តានុពលរបស់កម្ពុជានិងជំនឿទុកចិត្តរបស់ធុរជននិងអ្នកវិនិយោគទាំងក្នុងស្រុកនិងបរទេសមកលើការដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខក្នុងគ្រប់កាលៈទេសៈរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីព្រមទាំងបានបង្ហាញអំពីការចូលរួមចំណែកពីសំណាក់បងប្អូនប្រជាពលរដ្ឋកម្មករ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់៕