រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖កំណើនសេដ្ឋកិច្ចកម្ពុជាបន្តភាពរឹងមាំនៅក្នុងឆ្នាំ ២០១៩

វិទ្យុជាតិកម្ពុជា៖ដោយ លោកស្រី ស្រី ផល ៖

 រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថាក្រោមការដឹកនាំប្រកបដោយភាពឆ្លាតវៃនិងប៉ិនប្រសព្វរបស់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជានោះបានធ្វើអោយ សេដ្ឋកិច្ចកម្ពុជា មានកំណើន លើសពីការរំពឹងទុកនៅឆ្នាំ ២០១៨ ពោលគឺក្នុងអត្រា ៧,៥% ធៀបនឹងការគ្រោង ៧,១% ពីដើមឆ្នាំ ដែលជាមូលដ្ឋាន នៃការបន្តភាពរឹងមាំនៅក្នុងឆ្នាំ ២០១៩ នេះ។


ក្នុងបទអន្តរាគមន៍របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ វិមានសន្តិភាព កាលពីថ្ងៃទី២៩ ខែមីនាឆ្នាំ ២០១៩ បានបញ្ជាក់ថាក្នុងក្របខណ្ឌនៃការវិនិយោគ កម្ពុជានៅតែជាប្រទេសគោលដៅដ៏មានសក្តានុពលសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងបរទេស ។

ជាក់ស្តែងផ្អែកតាមការកត់ត្រា របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់រយៈពេល ៥ឆ្នាំ( ២០១៤-២០១៨) ស្ថានភាពនៃការវិនិយោគ មានលក្ខណៈល្អប្រសើរ ដោយកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៩៥៩ គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២៣ប៊ីលានដុល្លារអាមេរិក ដែលអាចបង្កើតការងារចំនួនប្រមាណ ១លានកន្លែង។ ដោយឡែកក្នុងរយៈពេល២ខែដើមឆ្នាំ២០១៩ គម្រោងវិនិយោគដែលត្រូវបានអនុម័តមានចំនួន ៧៣ គម្រោងក្នុងទុនវិនិយោគប្រមាណ ២,២ ប៊ីលានដុល្លារអាមេរិក ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដែលមានចំនួនត្រឹមតែ៣៩ គម្រោង ក្នុងទុនវិនិយោគចំនួន៣២៧លានដុល្លារអាមេរិកប៉ុណ្ណោះ។
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន បានបញ្ជាក់ទៀតថាផ្លែផ្កានៃការអនុវត្តយុទ្ធសាស្រ្តចតុកោណនាពេលកន្លងមក គួបផ្សំនឹងការដាក់ចេញ ក៏ដូចជាការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ និងគោលនយោបាយពាក់ព័ន្ធដទៃទៀត បានជំរុញឲ្យស្ថានភាពវិនិយោគនៅកម្ពុជា កាន់តែមានវិសាលភាពធំឡើង និងសំបូរបែប។
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យបានបន្តថា ការធ្វើពិពិធកម្មលើសកម្មភាពវិនិយោគទាំងនោះ បានកើតឡើងក្នុងរូបភាពជាគម្រោងវិនិយោគ ក្នុងវិស័យថ្មីៗដូចជា៖ គម្រោងដំឡើងរថយន្ត និងទោចក្រយានយន្ត គម្រោងផលិតគ្រឿងបង្គុំរថយន្ត គម្រោងផលិតគ្រឿងអេឡិចត្រូនិកនិងម៉ូទ័រខ្នាតតូច គម្រោងរោងចក្រផលិតស៊ីម៉ងត៍ គម្រោងផលិតភេសជ្ជៈ គម្រោងផលិតថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ និងធ្យូងថ្ម គម្រោងផលិតសម្ភារៈនិងបរិក្ខាពេទ្យ គម្រោងដំណាំឧស្សាហកម្មនិងការកែច្នៃផលិតផលកសិកម្ម គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបជាដើម៕