ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចាប់ផ្ដើមសហការគ្នា​ទប់​ស្កាត់ និងបង្ក្រាបការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ — ធនាគារជាតិនៃកម្ពុជា ដែលមានក្រុមប្រឹក្សាភិបាលអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាបាន ចាប់ផ្ដើមពង្រឹងកិច្ចសហប្រតិបត្ដិការរួមគ្នា ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ដើម្បីចូលរួមទប់ស្កាត់ និងបង្រ្កាបការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនៅក្នុងប្រទេស តំបន់ និងពិភពលោក។ការសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនេះធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណ:យោគយល់គ្នាស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម រវាងធនាគារជាតិ​នៃកម្ពុជា និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម សុំ សន្និសិទ្ធ ទេសាភិបាល រង​ធនាគារជាតិនៃកម្ពុជា និងជាក្រុមប្រឹក្សាភិបាលអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធិ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បានគូសបញ្ជាក់ថា ការចុះអនុស្សរណ:យោគយល់គ្នារវាងស្ថាប័នទាំងពីរនេះ គោលបំណងសំខាន់ចម្បងៗដើម្បីប្រឆាំងរាល់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនៅ ក្នុងប្រទេសកម្ពុជា និងជាយន្ដការរួមគ្នាមួយក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការលើការងារ ទប់ស្កាត់ បង្រ្កាបនូវរាល់បទល្មើសឧក្រិដ្ឋខុសច្បាប់ទាំងឡាយដែលជាការគំរាម កំហែងដល់ សន្ដិសុខ សុវត្ថិភាព និងការអភិវឌ្ឍប្រទេសជាតិ តំបន់ និងសកលលោក។ ឯកឧត្តមបាន​បន្ដថា ការចុះអនុស្សរណៈនេះក៏នឹងជួយពង្រឹងពង្រីកកិច្ចសហការឱ្យកាន់តែជិតស្និទ្ធថែម ទៀត ដើម្បីរួមគ្នាស្វែងរក ទប់ស្កាត់ និងលុបបំបាត់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទាន​ភេរវកម្ម ព្រមទាំងចូលរួមពង្រឹងប្រព័ន្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មរបស់​ពិភពលោកផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍បានបន្ដទៀតថា ស្របពេលដែលប្រទេស កំពុង​មានសុខសន្ដិភាព គឺពិតជាបានផ្ដល់នូវកាលានុវត្ដភាព ក្នុងការអភិវឌ្ឍជាតិឈានឡើង តាមរយៈការធ្វើសកលភាវូបនីយកម្មលើផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មចូលទៅក្នុងតំបន់ និង​ពិភពលោក គឺជាមូលហេតុដែលនាំឱ្យប្រឈមនូវការលំបាកស្មុគស្មាញជាច្រើន ដែលក្នុងនោះ មានទាំងការគំរាមកំហែងដោយអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាលួចលាក់ផលិត ឬជួញ ដូរគ្រឿងញៀនខុសច្បាប់។

ឯកឧត្តមបន្ថែមថា ក្រុមឧក្រិដ្ឋជនអន្តរជាតិ ដែលមាន អង្គការចាត់ តាំងច្បាស់លាស់ តែមានមហិច្ឆតាចិញ្ចឹមចិត្តឃុបឃិតជាមួយនឹងពួកឧក្រិដ្ឋជន ក្នុងស្រុកធ្វើ​សកម្មភាពល្មើសច្បាប់ជាច្រើនរូបភាព ដើម្បីរកផលចំណេញឱ្យក្រុមបក្សពួករបស់ ខ្លួន ដែលបញ្ហានេះ តម្រូវឱ្យស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាទាំងអស់ ត្រូវរួមគ្នាកែលម្អ និងរៀបចំ ជាយន្តការសំខាន់ៗសម្រាប់ប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម ទាំងពេលបច្ចុប្បន្ន និងតទៅអនាគតប្រកបដោយទំនុកចិត្ត និងមាន​ប្រសិទ្ធភាព។ ឯកឧត្តម នាយឧត្តមសេនីយ៍ក៏បានស្នើដល់គ្រប់មន្រ្ដីអនុវត្ដន៍ច្បាប់ពាក់ព័ន្ធ ទាំងអស់ នៃស្ថាប័នទាំងពីរយកចិត្ដទុកដាក់ខ្ពស់បំពេញតាមតួនាទី ភារកិច្ចរៀងៗខ្លួន ដើម្បី ផ្លាស់ប្ដូរព័ត៌ មានពីគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងប្រទេស និង​សកលលោក៕

ដោយ អ៊ុន រិទ្ធី