កម្ពុជាបន្តពង្រឹងសកម្មភាពប្រយុទ្ធប្រឆាំងនឹងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

រាជរដ្ឋាភិបាលកម្ពុជា បានបន្តពង្រឹងសកម្មភាពប្រយុទ្ធប្រឆាំងនឹងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម តាមរយៈចូលរួមសហការក្នុងការទប់ស្កាត់ បង្ក្រាបសកម្មភាពនៃឧក្រិដ្ឋកម្មឆ្លងដែន និងភេរវកម្ម ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍ សម្រាប់ទាំងកម្ពុជា និងសកលោក។


អនុស្សារណ:យោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ត្រូវបានធ្វើពិធីចុះហត្ថលេខារួមគ្នាដោយធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៨ ខែមីនានេះ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម សុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិ និងជាក្រុមប្រឹក្សាភិបាលអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធិ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ការចុះអនុស្សារណ:យោគយល់គ្នានៅពេលនេះ គោលបំណងពង្រឹងពង្រីកកិច្ចសហការឲ្យកាន់តែជិតស្និតបន្ថែមទៀត ដើម្បីរួមគ្នាស្វែងរក ទប់ស្កាត់ និងលុបបំបាត់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងចូលរួមពង្រឹងប្រពន្ធ័ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មរបស់ពិភពលោកផងដែរ។ ឯកឧត្តម មានប្រសាសន៍ថា ការធ្វើសកលភាវូបនីយកម្មលើផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មចូលទៅក្នុងតំបន់ និងពិភពលោក គឺជាមូលហេតុដែលនាំ
ឲ្យប្រឈមនូវការលំបាកស្មុគស្មាញជាច្រើន ដែលក្នុងនោះមានទាំងការគំរាមកំហែងដោយអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាលួចលាក់ផលិត ឬជួញដូរគ្រឿងញៀនខុសច្បាប់។ ឯកឧត្តមបន្តថា ក្រុមឧក្រឹដ្ឋជនអន្តរជាតិ ដែលមានអង្គកាបាត់តាំងច្បាស់លាស់ តែមានមហិច្ឆតាចិញ្ចឹមចិត្តឃុបឃិតជាមួយនឹងពួកឧក្រឹដ្ឋជនក្នុងស្រុកធ្វើសកម្មភាពល្មើសច្បាប់ជាច្រើនរូបភាព ដើម្បីរកផលចំណេញឲ្យក្រុមបក្សពួករបស់ខ្លួន ដែលបញ្ហានេះ តម្រូវឲ្យស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាទាំងអស់ ត្រូវរួមគ្នាកែលម្អរ និងរៀបចំជាយន្តការសំខាន់ៗសម្រាប់ប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនៅក្នុងប្រទេសកម្ពុជា ប្រកបដោយទំនុកចិត្ត និងមានប្រសិទ្ធិភាព។
សូមបញ្ជាក់ថា គិតត្រឹមខែមីនា ឆ្នាំ២០១៩នេះ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សារណ:យោគយល់ជាមួយស្ថាប័នក្នុងស្រុក បានចំនួន១៤ និងអន្តរជាតិបានចំនួន២២៕