សមាគមនារីជំរុញឲ្យស្ត្រីដែលបានទៅទស្សនកិច្ចនៅក្រៅប្រទេសចែករំលែកចំណេះដឹងដល់ស្ត្រីដូចគ្នា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ធីណា ឌីណេ៖សមាគមនារីជំរុញឲ្យស្ត្រីដែលបានទៅទស្សនកិច្ចនៅក្រៅប្រទេស ចែករំលែកចំណេះដឹងដល់ស្ត្រីដូចគ្នា។ ប្រធានសមាគមនេះ លើកឡើងថា រាល់បទពិសោធន៍ និងចំណេះដឹងដែលទទួលបាននៅក្រៅប្រទេស ត្រូវបន្តចែករំលែកដល់ស្រ្តីក្នុងស្ថានប័នរបស់ខ្លួន ដើម្បីអោយស្រី្តមានឱកាសក្នុងការបញ្ចេញសម្ថតភាព។


ថ្លែងក្នុងពិធីជួបជុំនារីរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែមីនានេះ លោកជំទាវ សាន់ ណារ៉ាឡុងឌី ប្រធានប្រតិបត្តិសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន បានបញ្ជាក់ថា ស្ត្រីដែលបានទៅទស្សនកិច្ចនៅក្រៅប្រទេស ត្រូវចែករំលែកនូវចំណេះដឹង និងបទពិសោធន៍អំពីភាពរីកចំរើន និងការវិវត្តនៃបច្ចេកវិទ្យាទំនើបរបស់ប្រទេសគេដល់ស្រ្តីដូចគ្នា តាមរយៈចូលរួមក្នុងសិក្ខាសាលា ឬការធ្វើបទបង្ហាញ ជាដើម។


លោកជំទាវមានប្រសាសន៍ថា នារីតែងតែទទួលបាននូវការគោរព ការផ្ដល់តម្លៃខ្ពស់ និងការ លើកទឹកចិត្ត ក្នុងការបញ្ចេញសមត្ថភាព ទេពកោសល្យ និងសេចក្តីក្លាហានពោរពេញដោយភាពជឿជាក់ ចូលរួមធ្វើការសម្រេចចិត្ត មានសិទ្ធិស្មើមុខស្មើមាត់ជាមួយបុរសគ្រប់ពេលវេលា គ្រប់កាលៈទេសៈ គ្រប់ទីកន្លែង និងគ្រប់ឋានៈ និងតួនាទី។ លោកជំទាវអះអាងថា នៅឆ្នាំ២០១៩នេះ សមាគមនឹងបន្តអនុវត្តនូវការពង្រឹងសម្ថតភាពជាអ្នកដឹកនាំជាស្ត្រី ព្រមទាំងពង្រឹងការរក្សាទំនាក់ទំនង និងសាមគ្គីភាពរវាងមន្ត្រីក្នុងក្រសួងព័ត៌មាន និងអន្តរក្រសួង ក្នុងការស្វែងរកមូលនិធិសំរាប់ពង្រីកសកម្មភាពរបស់សមាគមលើការងារផ្សេងៗ និងរៀបចំបង្កើនសមាជិកកិត្តិយស និងសមាជិការបស់សមាគម លើមូលនិធិប្រចាំខែ ជាពិសេសចូលរួមផ្សព្វផ្សាយអប់រំដល់សមាគមនារីក្រសួងព័ត៌មាន អោយយល់ដឹងអំពីការថែទាំសុខភាព៕