ឯកឧត្ដម ហ៊ុន ណេង នាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយអគ្គិភ័យ ០៧គ្រួសារ នៅស្រុកស្ទឹងត្រង់

វិទ្យុជាតិកម្ពុជា៖ដោយ ចិន សារ៉ាត ខេត្តកំពង់ចាម៖នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្ដម ហ៊ុន ណេង ប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជាខេត្ត និងអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម អមដំណើរដោយឯកឧត្ដម ប៉ុង យេន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន ក្នុងខេត្ត បានអញ្ជើញសួរសុខទុក្ខ និងនាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ចំនួន ០៧គ្រួសារ នៅភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដែលរងគ្រោះដោយសារអគ្គីភ័យ ឆាបឆេះផ្ទះខូចខាតទាំងស្រុងអស់ចំនួន៧ខ្នង កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ។


ឯកឧត្ដម ហ៊ុន ណេង បានសម្ដែងនូវការសោកស្ដាយជាខ្លាំង ចំពោះ ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ពីព្រោះថា ពេលនេះកម្លាំងញើសឈាមរបស់បងប្អូនដែលខិតខំប្រឹងប្រែង អស់ពាក់កណ្ដាលជីវិតមក ត្រូវបានបំផ្លាញដោយសារតែឥទ្ធិពលភ្លើង ក្នុងរយៈពេលតែមួយពព្រិចប៉ុណ្ណោះ ។

ឯកឧត្ដម លើកឡើងថា ពាក្យចាស់ ពោលថា ៖ «ស៊ូស្លាប់បា កុំឲ្យស្លាប់មេ ស៊ូលិចទូកកណ្ដាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ» ។ យ៉ាងណាម៉ិញ ខណៈនេះ បងប្អូនពុំមានអ្វីនៅសេសសល់ឡើយ ទើបឯកឧត្ដម និងក្រុមការងារ បាននាំនូវអំណោយសង្គ្រោះបន្ទាន់ ជាគ្រឿងឧបភោគ បរិភោគ របស់សម្ដេចកិត្តិព្រឹទ្ធ ដើម្បី ចែកជូនបងប្អូនទាំង ៧គ្រួសារ ដែលក្នុង ១គ្រួសារៗ ទទួលបាន ៖ អង្ករ ៥០គីឡូក្រាម តង់កៅស៊ូ ១ មុង ១ ឃីត ១កញ្ចប់ និងថវិកា១លានរៀល ដើម្បី ជួយសម្រាលបន្ទុក ដល់បងប្អូន បានមួយគ្រាក្នុងការដោះស្រាយជីវភាព ខណៈពេលដែល កំពុងជួបអាសន្នអន់ក្រនោះ ។


សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៥.២០នាទី ល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ មានករណីអគ្គិភ័យ បានឆេះផ្ទះប្រជាពលរដ្ឋចំនួន ៧គ្រួសារ នៅចំណុចភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បណ្ដាលឲ្យឆេះផ្ទះ ខូចខាតអស់ទាំងស្រុង ចំនួន ៧ខ្នង រួមជាមួយនឹងទ្រព្យសម្បត្តិ ជាច្រើនទៀត ។


តាមការសន្និដ្ឋាន ករណីអគ្គិសភ័យនេះ ដោយសារផ្ទុះកំប៉ុហ្គាស់ ពេលកំពុងដាំបាយ ។ ជាមួយនោះ សមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៤គ្រឿង ដោយប្រើប្រាស់ទឹកអស់ប្រមាណជា ២០ឡាន ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយមិនឲ្យឆាបឆេះ ទៅលំនៅដ្ឋានផ្សេងៗទៀតឡើយ ។
​ ក្នុងឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ណេង និងប្រតិភូអមដំណើរ ក៏បានអញ្ជើញទៅពិនិត្យ តំបូលព្រះវិហារ ដែលក្រុមជាងកំពុងដំណើរការជួសជុលឡើងវិញ ស្ថិតនៅក្នុងវត្តទួលរកា ក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
សូមបញ្ជាក់ផងដែរថា ដោយពិនិត្យឃើញដំបូលព្រះវិហារខាងលើ មានសភាពទ្រុឌទ្រោម បណ្តាលអោយជ្រាបទឹកនៅពេលភ្លៀងម្ដងៗ ធ្វើឲ្យរំខានដល់ប្រជាពុទ្ធបរិស័ទ និងព្រះសង្ឃ ថ្វាយបង្គុំនោះ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម និងលោកជំទាវ រួមជាមួយសប្បុរសជន ក៏បានចូលរួមបច្ច័យ ដើម្បី ជួយជួសជុលតំបូលវិហារនេះ ឡើងវិញ ។ ក្រៅពីនោះ ឯកឧត្ដម ក៏គ្រោងនឹងជួសជុលកែលម្អ ទីកន្លែងជុំវិញព្រះវិហារ ដែលមានបេតុងរបេះបាក់បែក ឲ្យបានប្រសើរឡើងវិញ ផងដែរ ៕