រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បង្កាញ ជំហរទទួលខុសត្រូវចំពោះបងប្អូននិវត្តន៍ជន

វិទ្យុជាតិកម្ពុជា៖ដោយ អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង ៖

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិង យុវនីតិសម្បទាបង្ហាញពីជំហរ ម៉ឺងម៉ាត់ររបស់រាជរដ្ឋាភិបាលក្នុងការគិតគូដល់បងប្អូននិវត្តន៍ជន គឺទទួលបានការតម្លើងប្រាក់បៀរវត្សដូចមន្ត្រីរាជការធម្មតាដែរ ទោះបីថាបងប្អូនបានបញ្ជប់ពីការងាររដ្ឋ ទៅហើយក៍ដោយ ។


ថ្លែងក្នុងពិធីសំណេះសំណាលសួរសុខទុក្ខជាមួយនាយទាហ៊ាន ពលទាហ៊ាននៅទីបញ្ជាការដ្ឋានយុទ្ធភូមិភាគ១ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៧ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិង យុវនិតិសម្បទា មានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែនបានខិតខំធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ហើយ ផ្នែកសេដ្ឋកិច្ចបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ប្រាក់បៀរវត្សមន្ត្រីរាជការ ទាំងនិវត្តន៍ជនផង ក៍ត្រូវបានតម្លើងជូនជារឿងរាល់ឆ្នាំដែរ។ឯកឧត្តមបញ្ជាក់ថា៖នៅឆ្នាំ២០១៩ បងប្អូននិវត្តន៍ជន ទទួលបានប្រាក់ចូលនិវត្តន៍ ទាបបំផុត ជាង៤០ម៉ឺនរៀល ព្រោះឆ្នាំនេះយើងអាចតម្លើងបាន៨ម៉ឺនរៀលបន្ថែមទៀតនៅមុនចូលឆ្នាំនេះ។

អញ្ចឹងបងប្អូនយើងក៏ដូចជាសារជូនជាផ្លូវការមួយសំរាប់ទូទាំងប្រទេស និវត្តន៍ជនយើងក៏ត្រូវទទួលបានអត្ថប្រយោជន៍សំរាប់ឆ្នាំនេះ លើសពីឆ្នាំមុន ហើយប្រាក់នេះ និងចូលទៅធានាគារក៏ដូចជាគណនេយ្យរបស់បងប្អូននៅថ្ងៃទី១២ខែមេសាខាងមុខនេះ មុនចូលឆ្នាំ មានន័យថាមុនចូលឆ្នាំលុយនឹង ឡើងហើយអញ្ចឹងជាព័ត៌មានមួយរីករាយដែលសំរាប់ខែមេសា។មួយទៀតរាជរដ្ឋាភិបាលឧបត្ថម្ភប្រាក់ចូលឆ្នាំសំរាប់មន្ត្រីរាជការ គ្រប់ប្រភេទ អញ្ចឹងគឺរំលឹកដល់និវត្តជន ក៏ទទួលបាន៥ម៉ឺនរៀលដែរ។ មន្ត្រីរបស់ខ្ញុំបានចាត់ចែងរឿងនេះរួចរាល់ហើយ ។ 
ឯកឧត្តម ឧត្តម សេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង ជើងគោគនឹងជាមេបញ្ជារការយុទ្ធភូមិភាគ១ស្ទឹងត្រែង មានប្រសាសន៏ថា៖នេះជាការគិតគូរខ្ពស់ដល់ជីវភាព របស់យុទ្ធជនយើងទោះបីជាជនចូលនិវត្តន៍ក្តី នៅបំពេញកាតព្វកិច្ចកិច្ចក្តី រាជរដ្ឋាភិបាលបានជួយឧបត្ថម្ភគ្រប់បែបយ៉ាងដើម្បីកែប្រែជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។ឯកឧត្តម បន្តថា៖ការយកចិត្តទុកដាក់គាំទ្រគ្រប់ផ្នែក ជាយន្តការមួយជំរុញឲ្យអង្គភាពកងទ័ពកាន់តែខិតខំប្រឹងប្រែងអនុវត្តបន្ត បង្កើនស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុង ពុះពារម្ចាស់ការប្រកបដោយភាព ច្នៃប្រឌិត និងពង្រឹងការចងសម្ពន្ធ័ភាព ជាមួយស្ថាបន័ស៊ីវិល ដើម្បីការពារជាតិ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ។
សូមបញ្ជាក់ថា៖ បងប្អូននិវត្តន៍ជនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសង្គមកិច្ចមានចំនួន ១១១.១៨៣នាក់ ហើយក្នុងពិធីជួបសួរសុខទុក្ខនាយទាហ៊ានពលទាហ៊ានក្នុងកាសនេះ ឯកឧត្តម វង សូត បានឧបត្ថម្ភសម្ភារៈនិងថវិកា សរុបជាង៩៦លានរៀល៕