ឯកឧត្តម ធុន គ្រី អញ្ជើញចែកអំណោយដល់ជនរងគ្រោះដោយខ្យល់កន្ត្រាក់ នៅឃុំរលួសមានជ័យ

AKP ក្រចេះ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ -ឯកឧត្ដម ធុន គ្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះទៅផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៣១គ្រួសារ នៅក្នុងភូមិទោង ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ កាលពីព្រឹកថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ។

នៅក្នុងឱកាសសំណេះសំណាលជាមួយជនរងគ្រោះទាំង៣១គ្រួសារនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ ដែលបានបណ្ដាលឱ្យផ្ទះសម្បែងដួលរលំ ខូចខាត់ទ្រព្យសម្បត្តិ និងមានរងរបួសមួយចំនួនទៀតផង ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម ធុន គ្រី ក៏បានពាំនាំការ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ហើយបានជំរុញឱ្យសាខាកាកបាទក្រហម ត្រូវតែចុះជួយដោយផ្ទាល់ដល់ជនរងគ្រោះដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ។

អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ដែលត្រូវចែកជូននាពេលនោះ គឺក្នុង១គ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម  មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី និងទឹកស៊ីអ៊ីវ ១យួរ និងថវិកា ៥០.០០០រៀល ៕

ដោយជួន សុជាតិ