ក្រសួងសាធារណការ ឈានទៅ លុបបំបាត់ការក្លែងបន្លំឯកសារសាធារណៈលើការចុះ បញ្ជីយានយន្ត និងការផ្តល់សេវាសាធារណៈផ្សេងៗ

វិទ្យុជាតិកម្ពុជា៖ដោយ ហោ សេងគ្រី៖

ប្រធានបទស្ដីពីការចុះបញ្ជីយានយន្ត អាជីវកម្មដឹកជញ្ជូន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងបញ្ហាដឹកជញ្ជូនតាមព្រំដែនជាមួយប្រទេសជិតខាង ត្រូវបានលើកយកមកពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង សាធារណការ និងដឹកជញ្ជូន។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងមហាផ្ទៃ នាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្តទាំង២៥។


កិច្ចប្រជុំ បានផ្តោតជាសំខាន់លើការអនុវត្តតាមកិច្ចព្រមព្រៀងជាមួយប្រទេសជិតខាង ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ការអនុវត្តនូវការប្រើប្រាស់ឯកសារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាមូលដ្ឋានក្នុងការចុះបញ្ជីយានយន្ត និងសេវាផ្សេងទៀតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងការជំរុញការសហការតភ្ជាប់ប្រព័ន្ធរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រព័ន្ធអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ។


នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធឱ្យ សហការដោះស្រាយបញ្ហារថយន្តដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាង ដោយអនុវត្តតាមច្បាប់កិច្ចព្រមព្រៀង និងលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់រាជរដ្ឋាភិបាល និងក្រសួង។


ឯកឧត្តម បានបន្តថា៖ ការចុះបញ្ជីយានយន្ត និងការទទួលយកសេវាសាធារណៈផ្សេងៗ ក្រសួងនឹងរៀបចំនីតិដែលតម្រូវឱ្យប្រជាពលរដ្ឋយកឯកសារអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរជាមូលដ្ឋាន ក្រោយធ្វើការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រព័ន្ធអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដើម្បីធានការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ ឈានទៅរកការលុបបំបាត់ការក្លែងបន្លំឯកសារសាធារណៈ ជាពិសេសការប្រើប្រាស់ឯកសារអត្តសញ្ញាណក្លែងក្លាយ ៕