ប្រមុខរាជរដ្ឋាភិបាល បន្ដអំពាវនាវឱ្យប្រជាពលរដ្ឋមានការអត់ធ្មត់ ចំពោះកង្វះខាតអគ្គិសនីប្រើប្រាស់

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសជា ថ្មីម្ដង​ទៀ​តដោយបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការអត់ធ្មត់ចំពោះកង្វះខាតអគ្គិសនីប្រើ ប្រាស់នាពេលបច្ចុប្បន្ន ដែលប​ញ្ហានេះ រាជរដ្ឋាភិបាលកំពុងតែធ្វើការដោះស្រាយជាបណ្ដើរៗ នោះ។ក្នុងពីធីបិទសន្និបាតបូកសរុបការងារអប់រំយុវជន និងកីឡាឆ្នាំសិក្សា២០១៧-២០១៨ និង​​លើកទិសដៅការងារឆ្នាំសិក្សា២០១៨-២០១៩ ដែលមានអ្នកចូលរួមប្រមាណ២.២០០នាក់ នារសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅរសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចបានចុះហត្ថលេខាលើ លិខិតមួយ​ចំនួន​ក្នុង​ការទទួលទិញថាមពលអគ្គិសនីបន្ថែម ពីប្រទេសថៃប្រមាណ ១០០មេហ្គា វ៉ាត់ ប្រទេស​ឡា​វ​ និងប្រទេសវៀតណាម ចន្លោះពី៥០ ទៅ១០០ មេហ្គាវ៉ាត់ ដើម្បីយកមក​ផ្គត់ផ្គង់ក្នុងរាជធានី​ទី​​ភ្នំពេញ ដែលពេលនេះ កំពុងតែខ្វះខាតភ្លើងប្រើប្រាស់ប្រមាណជាង ៤០០ មេហ្គាវ៉ាត់។

សម្ដេចតេជោបានបញ្ជាក់ថា នៅថ្ងៃទី ២៨ មីនា ឆ្នាំ២០១៩ សម្តេចក៏មាន គម្រោងជួបជាមួយគណៈ​ប្រ​តិ​ភូមកពីប្រទេសតួកគី ដើម្បីចរចាក្នុងការនាំនាវាផ្ទុកម៉ាស៊ីភ្លើង ដើរដោយប្រេងខ្មៅ​ចូលមក​កាន់​រាជធានីភ្នំពេញ ដែលអាចផ្តល់ថាម ពលអគ្គិសនី​បាន​ប្រមាណ២០០មេហ្គាវ៉ាត់ សម្រា​ប់​ផ្គត់​ផ្គង់ភ្លើងរយៈពេល៣ឆ្នាំ ទម្រាំកម្ពុជាមានអគ្គីសនីគ្រប់​គ្រាន់ប្រើប្រាស់ឡើងវិញ។ សម្ដេចតេជោបាន​ថ្លែង​បន្តថា តាមពិតទៅយើងបានកសាងវារីអគ្គី សនីមួយចំនួនហើយ ប៉ុន្តែដោយសារឆ្នាំនេះ​មាន​គ្រោះរាំងស្ងួត ទើបធ្វើឱ្យខ្វះខាតទឹកផ្តល់ឱ្យ​ទំនប់វារីគ្គិសនី ទើបយើងជួបប្រទះបញ្ហា​នេះ​តែ​ម្តង។ ទន្ទឹមនេះដែរ គឺ ដោយសារវិស័យ សំណង់របស់យើងបានកើនឡើងប្រមាណ៧០​០ភាគរយ ​បើប្រៀបធៀបនៅខែមករា និងកុម្ភៈ ឆ្នាំ២០១៨។ សម្តេចតេជោនាយក​រដ្ឋ​មន្ត្រី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តា យោគយល់ ប្រសិនបើមានការដាច់ភ្លើង ហើយសម្តេចតេជោ ក៏បានអំពាវនាវដល់អាជីវករ លក់ម៉ាស៊ីនភ្លើង សូមកុំដំឡើងថ្លៃខ្ពស់ពេក ដើ​ម្បី​សម្រួលដល់ការប្រើប្រាស់​របស់ប្រជាពល​រដ្ឋ៕

ដោយ ជឹម ណារី