សម្តេចតេជោ ថា ធ្លាប់បានរំលឹកទៅកាន់តំណាងរាស្ត្ររបស់បារាំងពាក់ព័ន្ធនឹងឱនភាពភាសាបារាំងនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយស្រី ផល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា សម្តេចធ្លាប់បានរំលឹក​ដោយផ្ទាល់ទៅកាន់​តំណាងរាស្ត្ររបស់បារាំងពាក់ព័ន្ធនឹងឱនភាពភាសាបារាំងនៅកម្ពុជា ដើម្បីឲ្យដៃ​គូពាក់ព័ន្ធ​ទាំងអស់​ចូលរួមបង្កើត​សាលាបណ្តុះ​បណ្តាល ភាសាបារាំងនៅកម្ពុជាឲ្យកាន់តែច្រើន។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស- គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៧-២០១៨ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ បានបញ្ជាក់ថា ពេលនេះភាសាបារាំងនៅកម្ពុជាកំពុងចុះខ្សោយ ហើយអ្នកដែលចេះភាសាបារាំងចាស់ៗចេះតែស្លាប់ ខណៈអ្នកដែលរៀនបច្ចុប្បន្ន មានចំនួនតិចតួច។
សំឡេង៖ «ពេលនោះមានជំនួបមួយរវាងបណ្ដាអ្នកតំណាងរាស្ត្រនៃបណ្តាបក្សនយោបាយបារាំង មានទាំងបក្សសង្គមនិយមរបស់មីការ៉ង់ មានទាំងRPR របស់ស៊ែររ៉ាក់ មានទាំងបក្សកុម្មុយនីស្តរបស់អាហ្សកបាកសេ និងមានបក្សដទៃទៀតចូលរួមហូបបាយជាមួយគ្នា ដែលគេរៀបចំទទួលខ្ញុំ ឲ្យមានការសន្ទនាជាមួយនឹងសមាជិកសភាបារាំង។ ពេលនោះខ្ញុំបាននិយាយទៅកាន់អ្នកតំណាងរាស្រ្តទាំងនោះថា ឯកឧត្តម លោកជំទាវ ពេលនេះភាសាបារាំងនៅកម្ពុជាកំពុងចុះខ្សោយ ហើយអ្នកដែលចេះភាសាបារាំងចេះតែស្លាប់ អ្នកដែលរៀន គឺតិចណាស់ ដូច្នេះគួរតែពិនិត្យមើលអំពីការបង្កើតមជ្ឈមណ្ឌលវប្បធម៌បារាំង ឬអារ៉ាយ៉ង់ហ្វ្រង់សេនៅកម្ពុជា។ ស្រាប់តែមានតំណាងរាស្រ្តម្នាក់គាត់អង្គុយទល់មុខខ្ញុំ គាត់ឆ្លើយថា បារាំងអត់ទទួលស្គាល់រដ្ឋាភិបាលឯកឧត្តមទេ ដូច្នេះបារាំងមិនអាចដាក់នូវអារ៉ាយ៉ង់ហ្វ្រង់សេ ឬមជ្ឈមណ្ឌលភាសាបារាំងនៅកម្ពុជាបានទេ ។ ខ្ញុំក្តៅ ខ្ញុំថា ឯកឧត្តម ខ្ញុំនិយាយនេះក្នុងគោលបំណងដើម្បីថែរក្សាភាសាបារាំងនៅកម្ពុជា តែឯកឧត្តមមិនត្រូវភ្លេចទេណា ប្រទេសយើងខ្ញុំទោះបីបារាំងត្រួតត្រា ៩០ ឆ្នាំ តែបារាំងអត់មានលទ្ធភាពដើម្បីធ្វើការកែប្រែភាសាយើងខ្ញុំបានទេ។ រ៉ូបាណេហ្សេ ភាសាខ្មែរដូចជានៅប្រទេសវៀតណាម។ វៀតណាមពីដើម គឺអក្សរដូចអក្សរចិន។ បារាំងធ្វើរ៉ូបាណេហ្សេ អក្សររបស់ម៉ុងហ្គុលីពីដើម ក៏ដូចចិនដែរ រ៉ុស្សីធ្វើតាមរបៀបរុស្សីទៅ៕