ប្រមុខរាជរដ្ឋាភិបាលនឹងរៀបចំកាត់បន្ថយថ្ងៃឈប់សម្រាកមួយចំនួន

វិទ្យុជាតិកម្ពុជា៖ កញ្ញា អ៊ី កនិកា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកថា​ក្នុង​ការកែ​ទម្រង់​សម្រាប់កាត់បន្ថយថ្ងៃឈប់សម្រាកខ្លះៗដើម្បីកុំអ្នកពាណិជ្ជកម្មរកស៊ីរត់ចោលកម្ពុជា។

នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី២៧ ខែមីនា នេះ សម្តេចតេជោ ហ៊ុន សែន បាន ស្នើសុំការយោគយល់ពីប្រជាពលរដ្ឋ ដូចជាមន្ត្រីរាជការទាំងអស់ និងវិស័យឯកជន នានា ដោយរាជរដ្ឋាភិបាល នឹងមានការកាត់បន្ថយថ្ងៃឈប់សម្រាកខ្លះនៅឆ្នាំក្រោយ នេះ។

សម្តេចបានចាត់ទុក ការកាត់បន្ថយថ្ងៃឈប់សម្រាកនេះ គឺជាការធ្វើកំណែទម្រង់ ដើម្បីធានាដល់ដំណើរការ នៃការធ្វើ​ពាណិជ្ជ​កម្មរបស់កម្ពុជា ដែលសព្វថ្ងៃនេះកម្ពុជាមានថ្ងៃឈប់សម្រាកច្រើនជាងគេក្នុងបណ្ដាប្រទេសនានា។

សំឡេង« ត្រូវពិនិត្យ ឯកសារបន្ទាន់ ដែលទាក់ទងនិងការកែទម្រង់ទាំងអស់សម្រាប់ថ្ងៃសុក្រនេះ ដាក់ចេញកែទម្រង់ជា​កញ្ចប់ ក្នុងនឹងសុំនិយាយទុកឲ្យហើយ កម្ពុជាគឺជាប្រទេសក្រីក្រក៏ប៉ុន្តែការឈប់សម្រាកនៅប្រទេសកម្ពុជា​របស់យើងគឺ​ច្រើន​ជាងប្រទេសអ្នកមានដល់ទៅ ប៉ុន្មានដងសាំងហ្គាពួរគេសម្រាកតែ១០ ថ្ងៃទេដល់ពេល ក្នុង ប្រទេសកម្ពុជាសម្រាក ២៨ ថ្ងៃទៅ ៣០ ថ្ងៃចឹងប្រទេសយើងក្រក៏ប៉ុន្តែគឺ យើងឈប់សម្រាកច្រើនណាស់។

ដូច្នេះសូមការយោគយល់អធ្យាស្រ័យបើមិនដូច្នេះអ្នករកស៊ីទាំងអស់រត់ចោលយើងទាំងអស់ដោយសារតែ ម្ខាង តម្លើងប្រាក់ខែម្ខាងទៀតឈប់សម្រាកកាន់តែច្រើនអញ្ចឹងទេឆ្នាំក្រោយអាចនឹងកាត់បន្ថយថ្ងៃឈប់សម្រាកប៉ុន្តែខ្ញុំក៏នឹង បញ្ជាក់ថាយើងគួរតែខិតខំធ្វើយ៉ាងនេះវិធីនេះប្រហែលជាល្អយើងដាក់ថ្ងៃសម្រាកឧទាហរណ៍ ថ្ងៃណាមួយយើង​សម្រាកមួយថ្ងៃ។ប៉ុន្តែយើងកុំសម្រាកយើងសន្សំថ្ងៃនេះបុណ្យធំៗរបស់កម្ពុជាមានតែពីរទេ ទី១ បុណ្យភ្ជុំ ទី២ បុណ្យ​ចូលឆ្នាំ​។ ​ប៉ុន្តែបុណ្យភ្ជុំយកបានតែ ៣ ថ្ងៃទេតែបើយើងទុកមួយថ្ងៃៗឈប់សម្រាកមួយថ្ងៃៗនេះយើង​ដាក់ជាថ្ងៃសម្រាកក៏ប៉ុន្តែយើង​​កុំសម្រាក ដើម្បីយកអាហ្នឹងបូកឱ្យថ្ងៃភ្ជុំ ឡើងបួនទៅប្រាំថ្ងៃនៅថ្ងៃភ្ជុំទៅវិញនឹងវា ចំណេញជាងយើងទុកថ្ងៃនេះជាថ្ងៃធ្វើការដល់ពេលថ្ងៃភ្ជុំយើងសម្រាកឲ្យបានវែងឆ្ងាយជាង។

ប៉ុន្តែក្នុង បញ្ហានេះគឺជាបញ្ហា មួយសុំការយោគយល់ទុកជាមុនបើមិនដូចអញ្ចឹងទេអ្នករកស៊ីនៅប្រទេសរបស់យើង! យើងគិតតែទារឡើងប្រាក់ខែជាមួយគ្នាទារថ្ងៃឈប់សម្រាកឱ្យកាន់តែច្រើន ចឹងអ្នករកស៊ី នឹងចាកចេញពីយើងៗ​ប៉ុន្តែយើង​ធ្វើ នេះដោយមិនគិតមានភាពអនុគ្រោះឬមួយអត់មាន ភាពអនុគ្រោះគឺគិតតែកម្លាំងខ្លួនឯង ឱ្យក្លាយទៅជាប្រទេសដែល​មានការអភិវឌ្ឍមួយ ដោយមិនពឹងពាក់ដោយមិនគិតថាខ្លួនមានភាពអនុគ្រោះ​ពីអ្នកណាទាំងអស់ ដើម្បីកុំឱ្យប្រទេសរបស់​យើងត្រូវទទួលរងការប្រមាថហើយកង្វល់របស់គេត្រូវចាប់បង្ខំឱ្យយើងជាអនុវត្តគឺអត់ទេ៕