ស៊ីម៉ាក់រកឃើញផ្ទៃដីចំការមីន ប្រមាណ២០០គីឡូម៉ែតក្រឡាបន្ថែមទៀតនៅខេត្តបាត់ដំបង

វិទ្យុជាតិកម្ពុជា៖ដោយ លោក ហុក សុខរិន

បាត់ដំបង៖ មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជារកឃើញផ្ទៃដីចំការមីននៅក្នុងខេត្តបាត់ដំបង ប្រមាណ២០០គីឡូម៉ែត្រក្រឡាបន្ថែមទៀត ដោយជំរុញការបោសសំអាតអោយហើយនៅពេលឆាប់ៗនេះ ដើម្បីកាត់បន្ថយអត្រាការ​ស្លាប់និងរងរបួសដោយសារគ្រាប់មីន។

លោកឡេង ជ្រាង ប្រធាននាយកដ្ឋាន នៃអង្គភាពមជ្ឈមណ្ឌលសកម្មភាពជាតិកំចាត់មីនកម្ពុជាប្រចាំខេត្តបាត់ដំបង​បាន​ប្រាប់​ក្រុមអ្នកព័ត៌មានអោយដឹងថា ខេត្តបាត់ដំបងត្រូវបានសង្ស័យជាខេត្តមានចំការមីននិងគ្រាប់​យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​ច្រើនជាងគេរហូតដល់ជាង១០ភាគរយ នៃផ្ទៃដីដែលសង្ស័យថាមានមីនទាំងអស់នៅទូទាំងប្រទេស។

លោកបានបញ្ជាក់ថា នៅស្រុកក្រុងទាំង១១នៃខេត្តបាត់ដំបងគឺសុទ្ធតែមានចំការមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយស្រុកនៅជាប់ព្រំដែនកម្ពុជា ថៃ សង្ស័យមានចំការមីនច្រើនជាងគេ។

លោកបានអះអាងថា ស៊ីម៉ាក់នឹងជំរុញការបោសសំអាតមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទៅតាមផែន​ការរបស់ខ្លួន​ក្នុងទំហំផ្ទៃដីជាង១០០គីឡូម៉ែត្រក្រឡាក្នុងមួយឆ្នាំ ដើម្បីកាត់បន្ថយ​អត្រាគ្រោះថ្នាក់និងស្លាប់​ដោយសារគ្រាប់មីន។

រួមទាំងការរំដោះផ្ទៃដីជូនដល់ប្រជាពលរដ្ឋបានបង្កបង្កើនផលលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងកាត់បន្ថយការធ្វើ​ចំណាកស្រុក​។

លោកបានបន្ថែមថា នៅខេត្តបាត់ដំបងអង្គការចៃការជប៉ុនបានជួយបច្ចេកទេសនិងសម្ភារៈដល់មជ្ឈមណ្ឌលស៊ីម៉ាក់រួមទាំងគម្រោងបោសសំអាតមីននិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងស្រុកសំឡូត និងស្រុកបវេល ដែលធ្វើឲ្យស៊ីម៉ាក់មានលទ្ធភាពជំរុញប្រតិបត្តិការបោសសំអាតមីនបានយ៉ាងលឿន។
សូមបញ្ជាក់ថា ក្នុងរយះពេលជាង២ខែក្នុងឆ្នាំ២០១៩នេះប្រជាជនកម្ពុជាប្រមាណជាង២០នាក់បានរងគ្រោះដោយសារគ្រាប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ ចំនួននេះគឺមានការកើនឡើងរហូតដល់ជាង៧៥ភាគរយបើធៀបនិងរយះពេលដូចគ្នាកាលពីឆ្នាំ២០១៨៕