កម្ពុជា-ចិន រក្សាជំហរបន្ដជំរុញកិច្ចសហប្រត្តបត្តិការជាមួយគ្នាឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ

ភ្នំពេញ៖ កម្ពុជា-ចិន រក្សាជំហរបន្ដជំរុញកិច្ចសហប្រត្តបត្តិការជាមួយគ្នាលើគ្រប់វិស័យឲ្យកាន់តែ ប្រសើរឡើងបន្ថែមទៀត ដើម្បីឈានទៅលើកស្ទួយនូវកំណើនសេដ្ឋកិច្ចជាតិរវាងប្រទេសទាំងពីរ មួយកម្រិតទៀត។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួប រវាងឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រត្តិបត្តការអន្ដរជាតិ និងឯកឧត្តម ឈិន ហាវ លេខាបក្សកុម្មុយនីស្តខេត្តយូណាន នៃប្រទេសចិន និងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយគ្នា នាទីស្តីការក្រសួងការបរទេស ព្រឹកថ្ងៃទី២៧ ខែមីនានេះ លោកជំទាវ ទួត បញ្ញា អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រត្តិបត្តការអន្ដរជាតិ បានឲ្យដឹងថា ទស្សនកិច្ចរបស់គណៈប្រតិភូបក្សកុម្មុយនីស្តខេត្តយូណាន នៃប្រទេសចិន មកកាន់ប្រទេសកម្ពុជានាពេលនេះ គឺក្នុងគោលបំណងជំរុញការអនុវត្តនូវទំនាក់ទំនងលើកិច្ចសហប្រត្តិបត្តិការវិស័យឲ្យកាន់រីកចំម្រើន និងស៊ីជំរៅបន្ថែមទៀត។

សំឡេង៖ «គោលបំណងនៃការចុះហត្ថលេខា គឺគ្មានអ្វីក្រៅពីការពង្រឹង និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនោះទេ ជាពិសេសក្រោមក្របខ័ណ្ឌគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ ព្រមទាំងយន្តការកិច្ចសហប្រតិបត្តិការមេកំលាំងឆាមីផងដែរ។ គោលដៅរបស់គោលបំណងរបស់MOU នេះ គឺការបង្កើតក្រុមការងារនេះ ដើម្បីជំរុញការតភ្ជាប់គ្នាជាអន្តរវិនិយោគពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ កសិកម្ម ការអប់រំ ថាមពល ប៉ុន្តែយើងមិនកម្រិតតែកិច្ចសហប្រតិបត្តិការប៉ុន្មានវិស័យដែលយើងបានរៀបរាប់ប៉ុណ្ណោះ ព្រោះកិច្ចសហប្រតិបត្តិការជាមួយចិន គឺយើងមានភាពទូលំទូលាយច្រើន ដោយសារយើងមានទៅថា ប្រតិបត្តិការ ដៃគូជា យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ដូច្នេះវិស័យកិច្ចសហប្រតិបត្តិការមានច្រើនលើសពីនេះ។ ចឹងMOU នេះគឺជាការរួមចំណែកដ៏សំខាន់ក្នុងការពង្រឹង និងពង្រីក និងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ»។
លោកជំទាវបន្ដថា ក្នុងជំនួបនេះ ខាងភាគីចិន បានលើកឡើងពីការរីកចម្រើនរបស់ខេត្ត យូណាន ដែលមានកំណើនGDP ដល់៨,៩ភាគរយ ខណៈកំពុងបន្ដពង្រឹងការអភិវឌ្ឍឲ្យសម្រេចបានជោគជ័យក្នុងការកាត់បន្ថយភាពក្រីក្រមកនៅសូន្យភាគរយ នៅឆ្នាំ២០២០ខាងមុននេះ។
បើតាមការឲ្យដឹងរបស់លោកជំទាវ ទួត បញ្ញា បានបញ្ជាក់ថា ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានអបអរសាទរចំពោះសមិទ្ធផលដែលខេត្តយូណាន សម្រេចបាននូវផែនការរបស់ខ្លួនប្រកបដោយភាពជោគជ័យ ក្នុងការកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាជនដ៏ឆាប់ខាងមុននេះ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានលើកឡើងជាមួយក្តីសង្ឃឹមថា ការរីកចម្រើន របស់ប្រទេសចិន នឹងអាចជះឥទ្ធិលជាវិជ្ជមានដល់ការរីកចម្រើននៅក្នុងតំបន់ ពិសេសដល់កម្ពុជាដែលជាមិត្តជិតស្និទ្ធ និងយូរអង្វែងរបស់ប្រទេសចិន៕