ប្រទេសអ៊ីស្លង់ស្នើសុំ បង្កើតអគ្គកុងស៊ុលកិត្តិយសរបស់ខ្លួន នៅរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ជួន បូណា ៖


ប្រទេសអ៊ីស្លង់ស្នើសុំ បង្កើតអគ្គកុងស៊ុលកិត្តិយសរបស់ខ្លួន នៅរាជធានីភ្នំពេញ ដើម្បីសម្របសម្រួលទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែ រឹងមាំ។


ការស្នើសុំនេះក្នុងឪកាសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Gunnar Snorri Gunnarsson ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអ៊ីស្លង់ ចូលជូនសារតាំង និងសម្តែងការគួរសម កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅវិមាន ព្រឹទ្ធសភា។
ឯកឧត្តម Gunnar Snorri Gunnarsson ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ អ៊ីស្លង់ បានសូមណូមពរបង្កើតអគ្គកុងស៊ុលកិត្តិយសនៅកម្ពុជានេះ តាមរយៈបេសកកម្មការទូតនឹងពូនជ្រុំទំនាក់ទំនង មិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអ៊ីស្លង់-កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។ប្រទេសអ៊ីស្លង់ គឺជាប្រទេសតូច ដែលមិនមានស្ថានតំណាង ប្រចាំប្រទេសច្រើនទេ។ ហេតុដូចនេះ ប្រទេសអ៊ីស្លង់មានបំណងបង្កើតអគ្គកុងស៊ុលកិត្តិយស នៅរាជធានីភ្នំពេញ ដើម្បីសម្របសម្រួលទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែ រឹងមាំ។
ឯកឧត្តម បានបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាគោលដៅ ទេសចរណ៍របស់ប្រជាជនអ៊ីស្លង់ ហើយនាពេលអនាគត ឯកឧត្តមសង្ឃឹមថា នឹងមានអ្នកទេសចរអ៊ីស្លង់ មកកាន់ប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ មានជំនឿ ថា ក្នុងឋានៈឯកឧត្តមជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងបន្តខិតខំជំរុញឱ្យមានការផ្លាស់ប្តូរទៅវិញ ទៅមកលើគ្រប់វិស័យ ឱ្យកាន់តែទូលំទូលាយដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
សម្តេចវិបុលសេនាភក្តី បានសម្តែងនូវសេចក្តីរីករាយដោយបានមើលឃើញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនជាបន្តបន្ទាប់។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហ ប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹង ឯកឧត្តមឯកអគ្គរដ្ឋទូត ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិ ការឈានឡើងកម្រិតថ្មីមួយទៀត ដើម្បីផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ៕