ប្រទេសអារ៉ាប៊ីសាអូឌីត,UAE  និងបារ៉ែនថ្កោលទោសអាម៉េរិកចំពោះទង្វើនៅហ្គោឡង់  

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា   ឆ្នាំ២០១៩ — បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ( Donald Trump ) បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយ ដែលទទួលស្គាល់អធិបតេយ្យភាពអ៊ីស្រាអែលលើខ្ពង់រាបហ្គោឡង់នោះ ការថ្កោលទោសបានកើតឡើងចេញពីបណ្តាប្រទេសមជ្ឈិមបូព៌ា ។

ប្រទេសអារ៉ាប៊ីសាអូឌីត អេមីរ៉េតអារ៉ាប់រួម ( UAE ) និងប្រទេសបារ៉ែនបានថ្កោលទោសកាលពីថ្ងៃ  អង្គារការទទួលស្គាល់របស់លោក ត្រាំ នូវអធិបតេយ្យភាពអ៊ីស្រាអែលលើខ្ពង់រាបហ្គោឡង់ ។

សេចក្តីថ្លែងការណ៍រដ្ឋាភិបាលមួយដែលផ្សាយដោយទីភ្នាក់ងារព័ត៌មានអារ៉ាប៊ីសាអូឌីត បាននិយាយថា ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្តែងការបដិសេធយ៉ាងខ្លាំងក្លារបស់ខ្លួន ព្រមទាំងការថ្កោលទោសដល់ សេចក្តីប្រកាសរបស់រដ្ឋការលោក ត្រាំ ស្តីពីអធិបតេយ្យភាពរបស់អ៊ីស្រាអែលលើទឹកដីដែលខ្លួនបានរឹបអូសយកពីស៊ីរីក្នុងឆ្នាំ ១៩៦៧ នឹងក្រោយមកបានធ្វើឧបសម្ព័ន្ធនៅក្នុងទង្វើមួយ ដែលមិនដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយរដ្ឋាភិបាល ដែលបានផ្សព្វផ្សាយនៅលើវេបសាយទីភ្នាក់ងារព័ត៌មានអេមីរ៉េតឱ្យដឹងថា UAE ក៏បាននិយាយផងដែរថា ទង្វើនេះនឹងធ្វើឱ្យមានគ្រោះថ្នាក់ដល់ ឱកាសធ្វើឱ្យសម្រេចបានសន្តិភាពដ៏ទូលំទូលាយមួយនៅក្នុងតំបន់ ។

សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា គេនឹងមិនសម្រេចបាននូវស្ថិរភាពនិងសន្តិភាពណាមួយ ទេ នៅក្នុងតំបន់នេះជាមួយការបន្តការកាន់កាប់ទឹកដីប៉ាឡេស្ទីន និងអារ៉ាប់របស់អ៊ីស្រាអែលនោះ ។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា ខ្ពង់រាបហ្គោឡង់ គឺជាទឹកដីកាន់កាប់មួយ ហើយការ សម្រេចចិត្តរបស់រដ្ឋាការអាម៉េរិកនេះ នឹងមិនមានឥទ្ធិពលលើការពិតនេះទេ ។  ក្រសួងបាននិយាយថា ក្រសួងការបរទេសរបស់ប្រទេសប៉ារ៉ែន បានបញ្ជាក់អះអាងនូវជំហររបស់ ខ្លួនថា ខ្ពង់រាបហ្គោឡង់ គឺជាទឹកដីអារ៉ាប់ និងស៊ីរី ដែលបានកាន់កាប់ដោយអ៊ីស្រាអែលចាប់តាំងពី ខែមិថុនា ឆ្នាំ ១៩៦៧មក ដែលត្រូវបានបញ្ជាក់អះអាងដោយដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ អ.ស. ប៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )