ប្រតិភូជាង ២.០០០នាក់ចូលរួមសន្និសីទប្រចាំឆ្នាំវេទិកា Boao  សម្រាប់អាស៊ី

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ — ពួកអាជ្ញាធរបាននិយាយនៅឯសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារថា គណៈប្រតិភូជាង ២.០០០នាក់ ដែលរួមមានពួកមន្ត្រីរដ្ឋាភិបាល , សហក្រិន និងពួកអ្នកប្រាជ្ញមកពីប្រទេស និងតំបន់ចំនួន ៦០គេរំពឹងថា នឹងចូលរួមសន្និសីទប្រចាំឆ្នាំវេទិកា  Boao  សម្រាប់អាស៊ី ( BFA  )  ។

អគ្គលេខាធិការ BFA   លោក លី បាវទុង បាននិយាយនៅឯសន្និសីទកាសែតមួយថា នាយករដ្ឋមន្ត្រី លោក លី កេឈាំង ( Li Keqiang  ) នឹងចូលរួមពិធីបើកសន្និសីទប្រចាំឆ្នាំ BFA  នេះ ព្រមទាំងថ្លែងសុន្ទរកថា យ៉ាងសំខាន់មួយនៅថ្ងៃព្រហស្បតិ៍ ។

លោក លី បាននិយាយថា អ្នកគ្រប់គ្រងសាជីវកម្មកំពូលជិត ១០០នាក់ និងសហគ្រិន ១.០០០នាក់ នឹងស្ថិតនៅក្នុងចំណោមគណៈប្រតិភូ ២.០០០នាក់ ដែលចូលរួមសន្និសីទ​នៅឆ្នាំនេះ ។

សន្និសីទប្រចាំឆ្នាំ BFA   នឹងដំណើរការចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៩ ខែមីនាឆ្នាំនេះ នៅ  Boao  ជាទីក្រុងឆ្នេរសមុទ្រមួយ ក្នុងខេត្តហៃណាន ដោយមានប្រធានបទថា « អនាគត ដែលមានការចែករំលែកគ្នា , សកម្មភាពដែលមានការព្រមព្រៀងគ្នា , ការអភិវឌ្ឍរួម »  ។

លោក លី បាននិយាយថា ខ្ញុំជឿថា វេទិកានៅ  Boao   សម្រាប់អាស៊ី គឺជាវេទិកាមួយដែលបើកចំហ និងមានរាប់បញ្ចូល ដែលនឹងស្វាគមន៍ពួកអ្នកធ្វើនយោបាយ , សហគ្រិន និងពួកអ្នកប្រាជ្ញ ដើម្បីធ្វើការពិភាក្សាគ្នាដោយសេរី បញ្ហាដែលយើងទាំងអស់គ្នាប្រឈមមុខ ព្រមទាំងចែករំលែកនូវ​គំនិតនិងសំណើរបស់ពួកគេស្តីពីសេដ្ឋកិច្ចជាសកល ហើយនិងទំនាក់ទំនងអន្តរជាតិ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )