រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ អញ្ជើញ​បំពេញ​ទស្សនកិច្ច​រយៈពេល​៣ថ្ងៃនៅប្រទេសចិន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ជួន​ បូណា​ ៖

តបតាមការអញ្ជើញរបស់ លោក ចាវ ឃើជី សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួង សន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន និងដោយបានការអនុញ្ញាតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី ២៧-៣០ ខែមីនា ឆ្នាំ២០១៩ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្រៅពីជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏នឹងអញ្ជើញជួបពិភាក្សាការងារជាមួយសមភាគី លោក ស៊ិន វិនឈឹង សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីក្រសួងសន្តិសុខជាតិ។

ក្នុងដំណើរទស្សនកិច្ចនេះ ក៏គ្រោងមានការចុះហត្ថលេខាលើឯកសារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ រវាងក្រសួងមហាផ្ទៃ នៃកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈ និងកងសន្តិសុខជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដោយផ្តោតលើកិច្ចការសំខាន់ៗមួយចំនួន ដូចជាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស អំពើភេរវកម្ម និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងការកសាងសមត្ថភាព កងកម្លាំងអនុវត្តច្បាប់៕