ក្រសួងកសិកម្មរឹតបន្តឹងការនាំចូលសាច់ក្រកធ្វើពីសាច់ជ្រូកនៅតាមច្រកព្រំដែន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ធី​ណា​ ឌី​ណេ​ ​៖

ក្រសួងកសិកម្ម រឹតបន្តឹងការនាំចូលសាច់ក្រកធ្វើពីសាច់ជ្រូកនៅតាមច្រកព្រំដែន ខណៈជំងឺប៉េស្តជ្រូកអាហ្វ្រិក បាននឹងកំពុងផ្ទុះនៅប្រទេសវៀតណាម។


ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់សិក្ខាសាលាស្តីពី «វិធានការការពារ និងទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅកម្ពុជា» កាលថ្ងៃទី២៦ ខែមីនា ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្រសួងបានដាក់ចេញនូវវិធានការឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរនៅព្រលានយន្តហោះ និងនៅគ្រប់ច្រកព្រំដែនទាំងអស់ ត្រូវតាមដាននូវការនាំចូលសាច់ក្រកពីខាងក្រៅ និងត្រូវដុតបំផ្លាញភ្លាមៗ ដើម្បីសម្លាប់មេរោគដែលរស់នៅក្នុងម្ហូបអាហារនេះ។
«នៅពេលដែលមានការនាំចូលសាច់ក្រកពីខាងក្រៅមក គឺយើងត្រូវចាប់ដុតកម្ទេចចោលតែម្តង ព្រោះមេរោគនេះវាអាចរស់បានយូរជាង១០០ថ្ងៃ ហើយប្រសិនបើយើងក្លាស់សេ វាអាចរស់រហូតដល់១.០០០ថ្ងៃ ហើយនេះជាចំណុចមួយដ៏រសើប ដែលបានជះឥទ្ធិពលដល់សេដ្ឋកិច្ចរបស់កម្ពុជា។ ដូច្នេះក្រសួងបានចាត់វិធានការតាំងពីដើមទីមក ដោយយើងឃើញថា កាលពីមុនទៅខេត្តបីទេ ដែលបានកើតជំងឺនេះ បែរជាកើតទៅដល់២០ខេត្តនៅភាគខាងត្បូង ហើយឥឡូវនេះ មកកៀកជាប់ព្រំប្រទល់កម្ពុជា នៅខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ហើយវាអាចរាលដាលមកខាងត្បូងថែមទៀត ហើយការដឹងជញ្ជូនសត្វជ្រូកពីប្រទេសវៀតណាម មានការប្រែប្រួលដោយការដឹកជញ្ជូនសត្វរស់ទៅ ជាកាប់សាច់ជ្រូក និងវិចខ្ចប់ដឹកជញ្ជូនតាមរថយន្ត។ ប្រសិនបើរាលដាលដល់កម្ពុជា គឺមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជា ជាពិសេសគឺជាខ្សែចង្វាក់ផលលិតកម្មនៃការចិញ្ចឹមសត្វ»។
ឯកឧត្តមបានបន្តថា ក្រសួងបានណែនាំដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយត្រូវសហការជាមួយអន្តរស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសខេត្តជាប់ព្រំដែនវៀតណាម សមាគមអ្នកចិញ្ចឹមជ្រូក ផលិតករ អាជីវករ ដោយត្រូវរូមគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការជាបន្ទាន់ ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះ។
វិធានការទប់ស្កាត់ការឆ្លងជំងឺនេះ ក្នុងខណៈបច្ចុប្បន្នការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារនៅកម្ពុជា មានប្រមាណជា១.៩លានក្បាល និងជាលក្ខណៈឧស្សហកម្មប្រមាណជា៨សែនក្បាល និងមានកសិដ្ឋានគ្រប់កម្រិតជាង៦៧០កសិដ្ឋាន នៅទូទាំងប្រទេស។
បើតាមការបញ្ជាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ជំងឺប៉េសជ្រូកអាហ្រិច ជាជំងឺឆ្លងដ៏កាចសាហាវ ពិបាកលុបបំបាត់បំផុត និងបង្កឲ្យសត្វឈឺ និងងាប់ក្នុងអត្រាខ្ពស់ ហើយមេរោគបង្កជំងឺជាវីរុសនេះ មិនទាន់មានវ៉ាក់សាំងការពារ ដោយអាចរស់នៅបានយូរក្នុងសាច់ និងផលិតផលសាច់ជ្រូក ទោះបីមិនបង្កគ្រោះថ្នាក់ដល់មនុស្សក៏ដោយ៕