មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ថា ការប្រើប្រាស់ប្រាក់រៀលកាន់តែទូលំទូលាយនឹងជួយពង្រឹងដល់សេដ្ឋកិច្ចជាតិ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ សុឹង​​ សុផារី​៖

មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានអះអាងថា ការប្រើប្រាស់ប្រាក់រៀលកាន់តែទូលំទូលាយក្នុងសេដ្ឋកិច្ចនឹងជួយពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់ ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចទាំងមូល ព្រមទាំងផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនទៀតមកដល់សេដ្ឋកិច្ច ។


លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ការប្រើ ប្រាស់ប្រាក់រៀលតែមួយ ក្នុងវិស័យពាណិជ្ជកម្ម អាចជួយកាត់បន្ថយចំណាយប្រតិបត្តិការដូចជា ការប្តូរប្រាក់សម្រាប់ដោះដូរក្នុងស្រុក កាត់បន្ថយហានិភ័យពីការបាត់បង់តម្លៃដោយសារបម្រែ បម្រួលអត្រាប្តូរប្រាក់ និងសម្រួលការកំណត់ថ្លៃទូទាត់តែមួយ ដែលធ្វើឱ្យការដោះដូរប្រព្រឹត្តទៅយ៉ាងងាយស្រួលនិងឆាប់រហ័ស។


ថ្លែងក្នុងពិធីអបអរសាទរ “ទិវា
ប្រាក់រៀល ខួបលើកទី៣៩ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ, ២០ មីនា ១៩៨០ – ២០ ទី៣
២០១៩ លោកជំទាវ បានបញ្ជាក់ថា ការប្រើប្រាស់ប្រាក់រៀលរួមចំណែកជំរុញការវិនិយោគ និង បង្កើតការងារ តាមរយៈឥទ្ធិពលនៃគោលនយោបាយរូបិយវត្ថុ លើការបន្ទាបអត្រាការប្រាក់ទីផ្សារដែលជាកត្តាកំណត់និន្នាការនៃកម្ចីសម្រាប់ការវិនិយោគនិងផលិតកម្ម និងឈានទៅជំរុញឱ្យមានការបង្កើតការងារ ។ លោកជំទាវបន្តថា ការប្រើប្រាស់ប្រាក់រៀលនឹងធ្វើឱ្យប្រទេសកម្ពុជាទទួលបានប្រាក់ចំណូលពីការបោះពុម្ពរូបិយវត្ថុ និងអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជាស្រូបយកនូវរូបិយប័ណ្ណ ដើម្បីគរពូនទុនបម្រុងអន្តរជាតិសម្រាប់ពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិនមកលើសេដ្ឋកិច្ចកម្ពុជា ខណៈតម្លៃប្រាក់រៀលត្រូវបានរក្សាឱ្យមានស្ថិរភាពល្អប្រសើរក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ហើយតម្រូវការប្រាក់រៀលបានកើនឡើងយ៉ាងឆាប់រហ័សដោយរូបិយវត្ថុក្នុងចរាចរណ៍កើនក្នុងអត្រា ១៦% ជាមធ្យមក្នុងមួយឆ្នាំហើយប្រាក់បញ្ញើជារៀលក្នុងប្រព័ន្ធធនាគារជាមធ្យមកើន ២៦%។ ទោះយ៉ាងណាដើម្បីបន្ថយកម្រិតដុល្លារូបនីយកម្ម លោកជំទាវបានជំរុញនូវកិច្ចខិតខំចូលរួមអនុវត្តទាំងអស់គ្នាបន្ថែមទៀត ដោយសារបទពិសោធន៍អន្តរជាតិបង្ហាញថា ការធ្វើបដិដុល្លារូបនីយកម្មជាការងារដ៏លំបាក និងទាមទារនូវពេលវេលាយូរ និងចាំបាច់នូវការចូលរួមពីគ្រប់មជ្ឈដ្ឋាន។
សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជានឹងបន្តអនុវត្តគោលនយោបាយក៏ដូចជាវិធានការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ដោយផ្អែកលើយន្តការទីផ្សារនិងស្ថានភាពជាក់ស្តែង ព្រមទាំងត្រៀមខ្លួនសហការជាមួយនឹងភាគីពាក់ព័ន្ធក្នុងការអនុវត្តការងារនេះឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕