រដ្ឋបាលរាជធានីភ្នំពេញសម្រេចយកថ្លៃសេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក ក្រោយពីមិនយកថ្លៃជិត១ឆ្នាំកន្លងមកនេះ

វិទ្យុជាតិកម្ពុជា ៖ ដោយ លោក ចន ណារិទ្ធ៖រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចយកកម្រៃសេវាដឹកជញ្ជូនអ្នកដំណើរតាមកាណូត ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបានដាក់ឲ្យដំណើរការមិនយកថ្លៃអស់រយៈពេលជិតមួយឆ្នាំកន្លងមក ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី២៥ ខែមិនាឆ្នាំ ២០១៩ បានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់សាធារណៈជនទាំងអស់អោយបានជ្រាបថា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋតាមផ្លូវគោកនិងផ្លូវទឹក ក្នុងន័យជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតសេវាកាណូតដឹកជញ្ជូនអ្នកដំណើរពីសួនច្បារឬស្សីកែវដល់ក្រុងតាខ្មៅ ដោយបានចាប់ដំណើរកាលពីថ្ងៃទី ០៦ ខែមេសាឆ្នាំ ២០១៨ ហើយបានអនុញ្ញាតឲ្យប្រជាពលរដ្ឋជិះដោយមិនបង់ប្រាក់រហូតដល់បច្ចុប្បន្ននេះ ។

បន្ទាប់ពីគោលការណ៍ជិះកាណូតដោយមិនបង់ប្រាក់បានផុតកំណត់នោះ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការកែសម្រួលសេវាកាណូតដឹកអ្នកដំណើរសាធារណៈ(Taxi Boat)និងកំណត់តម្លៃសំបុត្រដូចខាងក្រោម៖
១. តម្លៃសេវាកាណូតសាធារណៈត្រូវបានកំណត់ ២០០០រៀល រក្នុងមួយនាក់ មួយលើក។

២. ករណីលើកលែងមិនគិតថ្លៃសេវាគឺអនុវត្តដូចសេវារថយន្តក្រុង (City Bus)រួមមានព្រះសង្ឃជនពិការ សិស្ស និស្សិត ចាស់ជរាអាយុចាប់ពី៧០ ឆ្នាំឡើងទៅ កុមារមានកំពស់ក្រោម១ម៉ែត្រទៅជាមួយឪពុកម្ដាយឬអាណាព្យាបាល កម្មករ កម្មការិនី កីឡាករ កីឡាការិនីនិងលោកគ្រូអ្នកគ្រូនៃស្ថាប័នរដ្ឋ៕