នយោបាយ អ.ស.ប ស្តីពីខ្ពង់រាបហ្គោឡង់នៅតែឥតផ្លាស់ប្តូរដដែល

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា  ឆ្នាំ២០១៩ — អ្នកនាំពាក្យ អ.ស.ប មួយរូបបាននិយាយពីថ្ងៃចន្ទថា នយោបាយ អ.ស.ប ស្តីពីខ្ពង់រាបហ្គោឡង់ ដែលអ៊ីស្រាអែលកាន់កាប់នៅតែឥតផ្លាស់ប្តូរដដែល ទោះបីជាការទទួលស្គាល់របស់រដ្ឋការលោក ត្រាំ នូវ អធិបតេយ្យភាពអ៊ីស្រាអែលលើទឹកដីនេះក៏ដោយ ។

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទបានចុះហត្ថលេខាលើសេចក្តីប្រកាសមួយ ដែលទទួលស្គាល់អធិបតីតេយ្យភាពរបស់អ៊ីស្រាអែល នៅលើទឹកដីដែលអ៊ីស្រាអែលបានរឹបអូសយកពីប្រទេសស៊ីរីក្នុងឆ្នាំ ១៩៦៧ ព្រមទាំងបានធ្វើឧបសម្ព័ន្ធទឹកដីនេះ នៅក្នុងឆ្នាំ ១៩៨១ ។

នៅពេលដែលគេសួរអំពីប្រតិកម្មរបស់អគ្គលេខាធិការ អ.ស.ប លោក អង់តូនីញ៉ូ ហ្គូតឺរ៉េស ( Antonio Guterres ) ចំពោះទង្វើរបស់ ស.រ.អា ហើយនឹងថា តើវាជាការរំលោភលើធម្មនុញ្ញ អ.ស.ប និង     ដំណោះស្រាយក្រុមប្រឹក្សា ដែលមានជាប់ទាក់ទងដល់ហ្គោឡង់ដែរឬយ៉ាងណានោះ អ្នកនាំពាក្យរបស់ លោក ហ្គូតឺរ៉េស លោក ស្តេហ្វាន ឌូចារិច បាននិយាយថា ជំហររបស់ប្រមុខ អ.ស.ប ស្តីពីបញ្ហានេះនៅតែឥតផ្លាស់ប្តូរដដែល ។

លោក ឌូចារិច បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា ចំពោះលោកអគ្គលេខាធិការវា ច្បាស់ណាស់ដែលថា ឋានៈរបស់ខ្ពង់រាបហ្គោឡង់មិនមានការផ្លាស់ប្តូរទេ ។

នយោបាយ អ.ស.ប ស្តីពីហ្គោឡង់ត្រូវបានឆ្លុះបញ្ចាំងឱ្យឃើញនៅក្នុងដំណោះស្រាយ ដែលមាន ជាប់ទាក់ទងរបស់ក្រុមប្រឹក្សាសន្តិសុខ ហើយថា ជាថ្មីម្តងទៀតនយោបាយនេះមិនមានការផ្លាស់ប្តូរទេ ។

លោកបាននិយាយថា លោកមិនបានដឹងផែនការណាមួយរបស់លោក ហ្តូតឺរ៉េស ក្នុងការទាក់ទង ទាំងជាមួយលោក ត្រាំ ទាំងជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ ចំពោះទង្វើ របស់ ស.រ.អា នេះទេ ។

ភ្លាមៗបន្ទាប់ពីការធ្វើឧបសម្ព័ន្ធទឹកដីកាន់កាប់របស់អ៊ីស្រាអែលក្នុងឆ្នាំ ១៩៨១ ក្រុមប្រឹក្សាសន្តិសុខ បានអនុម័តនូវដំណោះស្រាយលេខ ៤៩៧ ដែលប្រកាសថា ការសម្រេចរបស់អ៊ីស្រាអែល ដើម្បីដាក់ច្បាប់យុត្ថាធិការនិងការគ្រប់គ្រងរបស់ខ្លួននៅលើខ្ពង់រាបហ្គោឡង់ស៊ីរី ដែលខ្លួនកានកាប់ គឺទុកជាមោឃៈ មិនបានការ ព្រមទាំងមិនមានផលស្របច្បាប់អន្តរជាតិឡើយ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )