ប្រមុខមនុស្សធម៌ អ.ស.ប ជម្រុញឱ្យសហគមន៍អន្តរជាតិគាំទ្រការប្រយុទ្ធប្រឆាំង នឹងជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា  ឆ្នាំ២០១៩ — កាលពីថ្ងៃចន្ទ ប្រមុខមនុស្សធម៌ អ.ស.ប បានអំពាវនាវឱ្យ​សហគមន៍អន្តរជាតិ​គាំទ្រ​ការប្រយុទ្ធប្រឆាំងនឹងជំងឺអេបូឡានៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ដែល​ជំងឺ​នេះបានសម្លាប់មនុស្សប្រមាណ ៦២១ នាក់។

នាយកទទួលបន្ទុកផ្នែកកិច្ចការមនុស្សធម៌លោក Mark Lowcock បានប្រាប់ពួកអ្នក​យក​​ព័ត៌មានថា    «យើងមិនគិតថា ពិភពលោកកំពុងយកចិត្តទុកដាក់គ្រប់គ្រាន់ឬយ៉ាងណា​ចំពោះ​ជំងឺអេបូឡានោះទេ» ដោយអំពាវនាវក្នុងការស្វែងរកថវិកាប្រមាណ​៣២៦លានដុល្លារ​អាមេរិក​ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏សាហាវនេះ។

លោក Lowcock បាននិយាយថា ការអំពាវនាវនេះ គឺធ្វើឡើងដើម្បីបំពេញតាម​តម្រូវការ​មនុស្សធម៌​ជាបន្ទាន់របស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ លោកទើបតែ​ត្រលប់​មក​ពីការធ្វើដំណើរទៅកាន់ប្រទេសអាហ្វ្រិកជាមួយនឹងលោក Henrietta Fore ប្រធាន​អង្គការមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ដើម្បីពិនិត្យមើលការផ្ទុះឡើងនៃជំងឺ​អេបូឡា​ដែលជាការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុតទី២ បន្ទាប់ពីការរីករាលដាល កាលឆ្នាំ ២០១៤-២០១៦ ដែលបានសម្លាប់មនុស្សជាង១១.០០០នាក់ នៅអាហ្វ្រិកខាង    លិច។

លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ​លោក Antonio Guterres បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីការធ្វើបទបង្ហាញពី Fore-Lowcock ថា​ អង្គការសុខភាពពិភពលោកឥឡូវនេះបានសរុបចំនួនប្រមាណជាង ១០០០​ករណី​នៅ​ភាគខាងជើងប្រទេស DRC ចាប់តាំងពីការផ្ទុះឡើងនៃជំងឺនេះ​ ត្រូវបានប្រកាស​កាល​​ពីខែសីហា ឆ្នាំ២០១៨មក។

លោក Dujarric បាននិយាយថា «គិតត្រឹមថ្ងៃទី២៣ ខែមីនាមានករណីចំនួន ១.០០៩​ករណីដែលអាចកើតឡើងហើយចំនួនអ្នកស្លាប់ចំនួន ៦២១នាក់​ត្រូវបានកត់ត្រានៅក្នុងខេត្ត Kivu និងខេត្ត Ituri »។ អ្នកជំងឺជាង ៣០០នាក់ត្រូវបានគេដោះលែង​បន្ទាប់ពីការព្យាបាល៕

( ប្រភព ស៊ីនហួ: បកប្រែដោយលោក មាស សំអុល )