ប្រមុខសន្តិសុខរុស្ស៊ីថា វាលឿនពេកដែលត្រូវបន្ធូរបន្ថយច្បាប់ប្រឆាំងអំពើភេរវកម្ម

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ — លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក នីកូឡៃ ប៉ាទ្រូសេវ ( Nikolai Patrushev   ) បាននិយាយពីថ្ងៃចន្ទថា វាលឿនពេកក្នុងការបន្ធូរបន្ថយច្បាប់ប្រឆាំងភេរវកម្មក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីភ្នាក់ងារសន្តិសុខបានធ្វើឱ្យបរាជ័យផែនការសម្ងាត់ភេរវកម្មចំនួន១៩ លើកកាលពីឆ្នាំកន្លងទៅ ។

លោក ប៉ាទ្រូសេវ បានប្រាប់កាសែតរុស្ស៊ី Izvestia  នៅក្នុងបទសម្ភាសន៍មួយថា ​ឧក្រិដ្ឋកម្មទាក់ទងនឹងភេរវកម្មច្រើនដល់ទៅ៣៥លើក ដែលរួមមានផែនការសម្ងាត់វាយប្រហារភេរវកម្ម ១៩ លើកផង ត្រូវបានគេធ្វើឱ្យបរាជ័យក្នុងប្រទេសរុស្ស៊ីកាលពីឆ្នាំកន្លងទៅតែមួយ ។

លោក ប៉ាទ្រូសេវ បាននិយាយថា ពួកភេរវកម្មជនកំពុងធ្វើឱ្យល្អប្រសើររបៀបរបស់ពួកគេដូច្នេះ វាលឿនពេលដែលត្រូវនិយាយអំពីការបន្ថយកិច្ចប្រឹងប្រែងប្រឆាំងនឹងអំពើភេរវកម្មនោះ ។

ដោយនិយាយអំពីការបង្កើនការហៅទូរស័ព្ទគំរាមបំផ្ទុះគ្រាប់បែកនោះលោក ប៉ាទ្រូសេវ បាននិយាយថា របស់ដែលហៅថា អំពើភេរវកម្មតាមទូរស័ព្ទកំពុងកើនឡើង ដោយលោកកត់សម្គាល់ថា ការព្រមានបំផ្ទុះគ្រាប់បែកក្លែងក្លាយប្រហែល ២.០០០លើក ដែលបានបង្កឱ្យមានការជម្លៀសនៅទូទាំងប្រទេសរុស្ស៊ី នោះត្រូវបានគេធ្វើឡើងនៅឆ្នាំនេះ ។

ប្រមុខសន្តិសុខនេះបាននិយាយថា ភាគច្រើននៃការគំរាមបំផ្ទុះគ្រាប់បែកមានប្រភពនៅបរទេសដោយលោកនិយាយបន្ថែមថា មនុស្សប្រហែល ៤០០នាក់ដែលនៅពីក្រោយការហៅទូរស័ព្ទ និងអ៊ីម៉ែល នោះត្រូវបានគេស្គាល់អត្តសញ្ញាណ ហើយមួយចំនួននៃពួកគេត្រូវបានគេយកទៅកាត់ទោស ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )