សម្ដេចតេជោហ៊ុនសែនណែនាំដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុឱ្យបង្កើតក្រុមការងាររៀបចំក្របខណ្ឌគោលសេដ្ឋកិច្ចឌីជីថល

វិទ្យុជាតិកម្ពុជា៖ហោ សេងគ្រី៖

សម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍ថានៅដើមឆ្នាំ២០១៩កន្លងទៅនេះសម្ដេចបានផ្តល់ការណែនាំដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុឱ្យបង្កើតក្រុមការងាររៀបចំក្របខណ្ឌគោលសេដ្ឋកិច្ចឌីជីថល ក្នុងគោលបំណងចាប់យកកាលានុវត្តភាពពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដោយផ្តោតលើទិដ្ឋភាពធំៗបីគឺ៖ ១. ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យឌីជីថល ការរៀបចំប្រព័ន្ធទូទាត់សងប្រាក់អេឡិចត្រូនិក (e-payment) និងប្រព័ន្ធឡូជីស្ទិក, ២. ការបង្កើតថ្នាលឌីជីថល (platform) និងការអភិវឌ្ឍប្រព័ន្ធធុរកិច្ចឌីជីថល (ecosystem) និង ៣. ការលើកកម្ពស់ឌីជីថលលូបនីយកម្ម-រដ្ឋាភិបាល សហគ្រិនភាព អក្ខរកម្មឌីជីថល និងទិន្នន័យបើកចំហ (Open data)។
ថ្លែងក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៣ឆ្នាំ២០១៩នៅសណ្ឋាគារ ហ្គ្រេតឌ្យូកភ្នំពេញកាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ សម្តេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា បដិវត្តន៍ឧស្សាហកម្មទី៤ ដែលជាចរន្តនៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បាននិងកំពុងក្លាយជាកាតាលីករសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
សម្ដេចតេជោបន្តថាដើម្បីឱ្យបដិវត្តឧស្សាហកម្មទី៤ ដែលជាចរន្តនៃការរីកលូតលាស់ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផ្តល់នូវប្រយោជន៍ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្នសម្ដេច គូសរំលេចនូវគំនិតផ្តួចផ្តើម និងការងារអាទិភាពមួយចំនួន។
ការរៀបចំ និងដាក់ឱ្យអនុវត្តរដ្ឋាភិបាលឌីជីថល (Digital Government) មួយឱ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ៖ នេះគឺជាបុរេលក្ខខណ្ឌនៃការកសាងសេដ្ឋកិច្ចឌីជីថល ដែលម្ខាងសំដៅលើកកម្ពស់ប្រសិទ្ធភាពនៃសេវាសាធារណៈប្រកបដោយគណនេយ្យភាព និងតម្លាភាពក្នុងការផ្តល់សេវានៅតាមមូលដ្ឋាន។ ម្ខាងទៀតដើរតួជាអ្នកជំរុញ (Enabler) តាមរយៈការរៀបចំ និងដាក់ឱ្យអនុវត្តឧបករណ៍ឌីជីថលសំខាន់ៗ ដូចជាអាស័យដ្ឋាន ឌីជីថល ហត្ថលេខាឌីជីថល អត្តសញ្ញាណប័ណ្ណឌីជីថល ដើម្បីបង្កើតឱកាសឱ្យវិស័យឯកជន និងសហគ្រិនមានលទ្ធភាពច្នៃប្រឌិតនូវធុរកិច្ចថ្មីៗ។ការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគ្រឹះ៖ ត្រូវបន្តជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធដែលជាឆ្អឹងខ្នង ដូចជាខ្សែកាបអុបទិក ខ្សែកាបអុបទិកបាតសមុទ្រ ការចែកចាយ និងការតភ្ជាប់ដល់ផ្ទះ និងទីតាំងធុរកិច្ច និងមជ្ឈមណ្ឌល ទិន្នន័យ ដើម្បីធ្វើឱ្យប្រព័ន្ធអ៉ិនធើណេតមានល្បឿនលឿន តម្លៃសមរម្យ និងទៅដល់គ្រប់ទីកន្លែងទូទាំងប្រទេស។ ដើម្បីទាញយកអត្ថប្រយោជន៍ពីបដិវត្តឧស្សាហកម្មទី៤ ឱ្យបានជាអតិបរមា៖ ការអភិវឌ្ឍមូលធនមនុស្ស គឺជាកត្តាចាំបាច់។ ទន្ទឹមនេះ រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់គុណភាពនៃការអប់រំ ជំរុញការអប់រំផ្នែ ស្តេម (STEM) ជំរុញការបណ្តុះបណ្តាលជំនាញ និងការសិក្សាស្រាវជ្រាវ និងអភិវដ្ឍ។ ការកសាង និងដកា់អនុវត្តនូវគោលនយោបាយបទប្បញ្ញត្តិច្បាប់ និងស្តង់ដាពាក់ព័ន្ធ៖ សុវត្ថិភាព ឌីជីថល គឺជាកត្តាចាំបាច់ក្នុងការកសាងក្របខណ្ឌយុទ្ធសាស្ត្ររយៈពេលវែង។ កម្ពុជានឹងរៀបចំក្របខណ្ឌគតិយុត្ត និងបទប្បញ្ញត្តិសម្រាប់ការគ្រប់គ្រងសុវត្ថិភាពទិន្នន័យ (Data Security) និងសិទ្ធិឯកជននៃទិន្នន័យ (Data Privacy) និងសន្តិសុខតាមប្រព័ន្ធអ៉ិនធើណេត (Cyber Security) ការការពារ និងរក្សាទុកព័ត៌មានសម្ងាត់ ការធ្វើពាណិជ្ជកម្ម និងទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិក និងបទប្បញ្ញត្តិផ្សេងទៀត ដើម្បីការពារអ្នកប្រើប្រាស់។ការលើកកម្ពស់ការរៀបចំប្រព័ន្ធអេកូឡូហ្សី៖ ដើម្បីជំរុញការអភិវឌ្ឍធុរកិច្ចថ្មីៗក្នុងវិស័យឌីជីថល ដែលជាចំណុចចាប់ផ្តើមក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានតាមរយៈការរៀបចំគោលនយោបាយគ្រប់ជ្រុងជ្រោយមួយជាកញ្ចប់ដោយគិតគូរពីបច្ចេកវិទ្យា ធនធានហិរញ្ញវត្ថុ ការលើកទឹកចិត្ត ការបណ្តុះបណ្តាល។ល។ ដើម្បីជំរុញការអភិវឌ្ឍធុរកិច្ចថ្មីៗក្នុងវិស័យឌីជីថល តាមរយៈការបង្កើតមូលនិធិសហគ្រិនភាព ដែលមានថវិកាចំនួន៥លានដុល្លារក្នុងមួយឆ្នាំដែលនឹងអាចជួយជាធនធានហិរញ្ញវត្ថុ និងការប្រឹក្សាយោបល់ដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេសក្រុមហ៊ុនតូចៗ ដែលទើបបង្កើតឡើង (Startup)៕