ក្រសួងព័ត៌មាន ពន្លឿនការបោះពុម្ពសៀវភៅ ជីវិតយើង សង្គមយើង

វិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ប៉ុង សុភាវី៖

 ក្រសួងព័ត៌មាន បានពន្លឿនការបោះពុម្ភកម្រងសៀវភៅ ជីវិតយើង សង្គមយើង ដែលនិយាយអំពី បេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស. ក្នុងជំហ៊ានដំបូង ប្រមាណ១៥០០ក្បាល ដើម្បីចែកជូនដល់សិស្សនិសិត្សនៅតាមសាលារៀន ក៏ដូចកម្មករកម្មការិនីនៅតាមរោងចក្រសហគ្រាស និងមន្រ្តីរាជការនៅតាមក្រសួងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជាប្រយោជន៍បានដឹងពីសារ:សំខាន់របស់ ប ស ស។


ក្នុងឱកាសនៃកិច្ចប្រជុំ សាមញ្ញប្រចាំសប្តាហ៏ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នាសប្តាហ៍ទី៤ ខែ មីនា ឆ្នាំ២០១៩ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញដល់ ក្រុមការងារចងក្រង បោះពុម្ពសៀវភៅ ជីវិតយើង សង្គមយើង ដែលនិយាយអំពីប.ស.ស. ដោយ ថ្នាក់ដឹកនាំ មន្ត្រីនៃវិទ្យុជាតិកម្ពុជា ធ្វើយ៉ាងណា អោយបានឆាប់រួចរាល់ ព្រោះដោយសារ សៀវភៅនេះ មានសារៈសំខាន់ណាស់ ទាំងខ្លឹមសារ និងប្រធានបទ។

ឯកឧត្តម បានមានប្រសាសន៍ថា បេឡាជាតិ របបសន្តិសុខសង្គម ប.ស.ស. គឺជាគោលនយោបាយ មានសារៈសំខាន់ណាស់ ដែលរាជរដ្ឋាភិបាល បានខិតខំជួយប្រជាជន ជាកម្មករ កម្មការិនី តាម បណ្តារោងចក្រ សហគ្រាស មន្រ្តីរាជការ និងកងកំលាំង ប្រដាប់ អាវុធទូទាំងប្រទេស ក្នុងការថែទាំ ពិនិត្យព្យាបាលជម្ងឺ ដោយឥតគិតថ្លៃ ក៏ដូចជា ជីវភាពរស់នៅប្រចាំថ្ងៃ ផងដែរ។


ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានធ្វើការសម្រេចឯកភាព នូវការងារសំខាន់ៗ មួយចំនួន ដើម្បីប្រសិទ្ធិភាពការងារ ហើយជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា នៅពេលមានបញ្ហាអ្វីមួយ កើតឡើងក្នុងអគ្គនាយកដ្ឋាន នីមួយៗ ត្រូវមានការ ជួបប្រជុំគ្នាដោះស្រាយគ្នាអោយបានល្អ ពិសេសការពង្រឹង សមត្ថភាព របស់មន្រ្តី កាន់តែរឹងមាំក្នុងការ បំពេញនូវរាល់ភារកិច្ចការងារ ក្នុងនោះជំរុញអោយមន្ត្រី អោយក្លាយជា អ្នកសរសេរ បទវិភាគបញ្ហាធំៗ ដែលជា កិច្ចការងារ ដ៏សំខាន់ ហើយនៅកំពុងមានការខ្វះអ្នកជំនាញក្នុងផ្នែកនេះ៕